កាលពីថ្ងៃទី 19 ខែតុលា មន្ទីរបញ្ចកោណបាននិយាយថា នាវាកងទ័ពជើងទឹកអាមេរិកនៅសមុទ្រក្រហមបានបាញ់ទម្លាក់កាំជ្រួចនិងយន្តហោះគ្មានមនុស្សបើកដែលបាញ់ដោយក្រុមឧទ្ទាម Houthi ក្នុងប្រទេសយេម៉ែន ដែលអាចសំដៅទៅលើអុីស្រាអែល។
ឧត្តមសេនីយ៍ឯក Pat Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណបានប្រាប់អ្នកយកព័ត៌មានថា “កាំជ្រួចវាយប្រហារលើដីចំនួនបី និងយន្តហោះគ្មានមនុស្សបើកជាច្រើន” ត្រូវបានស្ទាក់ចាប់ដោយនាវាពិឃាត។ លោកបានបន្ថែមថា ការវាយប្រហារនេះត្រូវបានចាប់ផ្តើមដោយកងកម្លាំង Houthi ក្នុងប្រទេសយេម៉ែន ដែលទំនងជាវាយប្រហារគោលដៅក្នុងប្រទេសអុីស្រាអែល។
នៅពេលនោះ នាវា USS Carney កំពុងល្បាតនៅសមុទ្រក្រហម បំពេញបេសកកម្មបង្កើនវត្តមានយោធាអាមេរិកនៅក្នុងតំបន់ ដើម្បីរក្សាស្ថិរភាព បន្ទាប់ពីជម្លោះរវាងកងកម្លាំងអុីស្រាអែលនឹងកងកម្លាំងហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីបបានផ្ទុះឡើង។
លោក Ryder បាននិយាយថា កាំជ្រួចនេះត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ជាកន្លែងដែលក្រុមឧទ្ទាម Houthi គាំទ្រដោយអុីរ៉ង់ មានជម្លោះជាមួយរដ្ឋាភិបាលដែលគាំទ្រដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូ៊ឌីត។
លោកបាននិយាយថា មិនមានអ្នកស្លាប់និងរបួសរបស់អាមេរិកទេ ហើយកាំជ្រួចដែលស្ទាក់បានប្រហែលជាធ្លាក់ចូលសមុទ្រជាជាងលើដី។
លោក Ryder បាននិយាយថា “យើងមិនអាចនិយាយឱ្យប្រាកដថា មីស៊ីលទាំងនេះមានគោលបំណងអ្វីនោះទេ ប៉ុន្តែពួកគេត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ដោយឆ្ពោះទៅភាគខាងជើងតាមសមុទ្រក្រហម” ។
លោកបាននិយាយថា៖ «ការឆ្លើយតបការពាររបស់យើងត្រូវបានអនុវត្តប្រឆាំងនឹងការគំរាមកំហែងដូចគ្នាក្នុងតំបន់»។
តំណាងក្រសួងការពារជាតិអាមេរិកបានអះអាងថា ទីក្រុងវ៉ាស៊ីនតោន «មានសមត្ថភាពការពារផលប្រយោជន៍ទូលំទូលាយរបស់ខ្លួននៅក្នុងតំបន់ ទប់ស្កាត់ការកើនឡើង និងហានិភ័យនៃជម្លោះដែលពង្រីកពីការវាយប្រហាររបស់ពួកហាម៉ាស់លើអុីស្រាអែល»។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាឱ្យបង្កើនវត្តមានរបស់កងទ័ពអាកាស និងកងទ័ពជើងទឹក រួមទាំងការបញ្ជូននាវាផ្ទុកយន្តហោះពីរគ្រឿងទៅកាន់មជ្ឈិមបូព៌ា ដើម្បីការពារជម្លោះអុីស្រាអែលនិងក្រុមហាម៉ាស់ពីការរីករាលដាលដល់តំបន់។ មន្ទីរបញ្ចកោណក៏បានបញ្ជាឱ្យទាហាន 2.000 នាក់ត្រៀមខ្លួនសម្រាប់កាតព្វកិច្ច៕ ដោយធីរីណា
រូបថត: Reuters