ភ្នំពេញ៖ លោកសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី បានមានប្រសាសន៍ណែនាំឱ្យធ្វើការផ្សព្វផ្សាយស្តីពីការគោរពសិទ្ធិ និងចូលរួមទប់ស្កាត់ការរើសអើង ការប្រមាថ និងការមាក់ងាយលើជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ការថ្លែងប្រសាសន៍បែបនេះរបស់ លោកនាយករដ្ឋមន្ត្រីស្តីទី បានធ្វេីឡេីងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ។
លោកសន្តិបណ្ឌិត នេត សាវឿន បានប្រកាសអំពាវនាវឱ្យមានការចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការ ភាព ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ស្តង់ដារជាតិសកម្មភាពមីនស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន គោល នយោបាយជាតិនិងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍ សុខមាលភាពដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត ហើយចូលរួមលើកទឹកចិត្ត និងជ្រើសរើសជនមានពិការភាពឱ្យបានចូលរួមបំពេញការងារទាំងក្នុង ស្ថាប័នរដ្ឋ និងវិស័យឯកជនបន្ថែមទៀត ។
លោកនាយករដ្ឋមន្ត្រីស្ដីទី បានថ្លែងបន្តថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ ក្នុងនោះ ២% សម្រាប់វិស័យរដ្ឋ និង ១% សម្រាប់វិស័យឯកជន .ដោយគិតត្រឹមបច្ចុប្បន្ន ស្ថិតិមន្ត្រីរាជការដែលមានពិការភាពនៅស្ថាប័នរដ្ឋមានចំនួន ៣ .៧៤៨នាក់ (ស្រី ២៣%) បំរើការងារក្នុង ៣៧ ក្រសួង ស្ថាប័ន និងបុគ្គលិកតាមស្ថាប័នឯកជនដែលមានពិការភាពមានចំនួន ៥ .៨៣៩នាក់ (ស្រី ៦៦%) បម្រើការងារក្នុង ២៩១គ្រឹះស្ថានឯកជន។ លើសពីនេះទៅទៀត សិទ្ធិជនពិការក៏ត្រូវបានលើកកម្ពស់ក្នុងសង្គម រួមជាមួយជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ កីឡា និងសកម្ម ភាពនានាដែលបង្ហាញថាគ្មានការរើសអើងចំពោះជនដែលមានពិការភាព នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង ព្រឹត្តិការណ៍ថ្មីមួយដែលប្រជាជនកម្ពុជា និងប្រជាជាតិទូទាំងសកលលោកមិនអាចបំភ្លេចបាននោះ គឺព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍លើកទី១២ ដែលហៅកាត់ថា អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីថ្មីៗកន្លងមកនេះ។ហេតុដូច្នេះ ក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទី បានអំពាវនាវឱ្យគ្រប់ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវយករាល់លិខិតបទដ្ឋានគតិយុត្តិជាតិនិងអន្តរជាតិពាក់ព័ន្ធនឹងជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
ក្នុងឱកាសបិទសន្និសីទនោះដែរ លោកទេសរដ្ឋមន្ត្រី បណ្ឌិត លី ធុជ អនុប្រធាន ទី ១ នៃអាជ្ញាធរមីន បានថ្លែងថា សន្និសីទក្នុងរយះពេល៣ ថ្ងៃនេះគឺបានពិភាក្សា គ្នាយ៉ាង ទូលំទូលាយ អំពី ជំនួយ ជនរងគ្រោះ ដូចជា សុខភាព ផ្លូវចិត្ត និង ការគាំទ្រ ផ្លូវចិត្ត ចំពោះ ការថែទាំ សុខភាព ការដាក់បញ្ចូល សេដ្ឋកិច្ចសង្គម និង សារៈសំខាន់ នៃការប្រមូលទិន្នន័យ ។
បន្ថែមពីនេះលោក លី ធុជ បន្តជម្រុញរក្សាឱ្យបាននូវសន្ទុះឆ្ពោះទៅមុខ ដែលយើងបានបង្កើតឡើងនៅក្នុងសន្និសីទនេះ ហើយយើងទាំងអស់គ្នាត្រូវប្រែក្លាយគំនិតចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានក្នុងសន្និសីទនេះ ឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីផ្លាស់ប្តូរជីវិតរបស់ជនរងគ្រោះដោយសារគ្រាប់មីន និងធ្វើឱ្យការរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។ លោក លី ធុជ បន្តថា នៅពេលដែលយើងរួបរួមគ្នានោះយើង នឹងអាចកសាងពិភពលោកមួយ ដែលជនរងគ្រោះទាំងអស់ អាចទទួលបានការថែទាំ ការគាំទ្រ និងឱកាសដែលជនរងគ្រោះពិការភាពគួរទទួលបាន៕ដោយ៖សហការី