លោកសន្តិបណ្ឌិត នេត សាវឿន​៖​ អំពាវនាវកុំឱ្យមានការរើសអើង ការប្រមាថ​ និងមាក់ងាយលើជនមានពិការភាព

ចែករំលែក៖

ភ្នំពេញ៖ លោកសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី​ បានមានប្រសាសន៍ណែនាំឱ្យធ្វើការផ្សព្វផ្សាយ​ស្តីពីការគោរពសិទ្ធិ និងចូលរួមទប់ស្កាត់ការរើសអើង ការប្រមាថ និងការមាក់ងាយលើជនមាន​ពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន ​និងសំណល់ជាតិផ្ទុះពីសង្គ្រាម។​ ការថ្លែងប្រសាសន៍បែបនេះ​របស់​ លោកនាយករដ្ឋមន្ត្រីស្តីទី បានធ្វេីឡេីង​នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទ​សកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរង​គ្រោះថ្នាក់​ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព នៅ​សណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ។

លោកសន្តិបណ្ឌិត នេត សាវឿន បានប្រកាសអំពាវនាវឱ្យមានការចូលរួម​អនុវត្តផែនការ​យុទ្ធសាស្រ្តជាតិស្តីពីពិការ ភាព ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ស្តង់ដារជាតិសកម្មភាពមីនស្តីពីកិច្ចសង្គ្រោះជនរង​គ្រោះថ្នាក់​ដោយសារមីន គោល នយោបាយជាតិនិងអន្តរជាតិ ​ដើម្បីជាឧត្តមប្រយោជន៍ សុខមាលភាព​ដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទ ​និងគ្រប់កម្រិត ​ហើយចូលរួមលើកទឹកចិត្ត និងជ្រើសរើស​ជនមានពិការភាពឱ្យបានចូលរួមបំពេញការងារទាំងក្នុង ស្ថាប័នរដ្ឋ និងវិស័យឯកជនបន្ថែមទៀត ។

លោក​នាយករដ្ឋមន្ត្រីស្ដីទី​ បានថ្លែង​បន្តថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទ​នៃការ​ជ្រើសរើស​​ជនពិការចូលបម្រើការងារ ក្នុងនោះ ២% សម្រាប់វិស័យរដ្ឋ និង ១% សម្រាប់វិស័យ​ឯកជន .ដោយគិតត្រឹមបច្ចុប្បន្ន ស្ថិតិមន្ត្រីរាជការដែលមានពិការភាពនៅស្ថាប័នរដ្ឋមានចំនួន ៣ .៧៤៨នាក់ (ស្រី ២៣%) បំរើការងារក្នុង ៣៧ ក្រសួង ស្ថាប័ន និងបុគ្គលិកតាមស្ថាប័នឯកជនដែល​មានពិការភាពមានចំនួន ៥ .៨៣៩នាក់ (ស្រី ៦៦%) បម្រើការងារក្នុង ២៩១គ្រឹះស្ថានឯកជន។ លើសពីនេះទៅទៀត ​សិទ្ធិជនពិការក៏ត្រូវបានលើកកម្ពស់ក្នុងសង្គម រួមជាមួយជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ កីឡា និងសកម្ម ភាពនានាដែលបង្ហាញថាគ្មានការរើសអើង​ចំពោះជន​ដែលមានពិការភាព ​នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង ព្រឹត្តិការណ៍ថ្មីមួយដែលប្រជាជនកម្ពុជា និងប្រជាជាតិទូទាំងសកលលោកមិនអាចបំភ្លេចបាននោះ គឺព្រឹត្តិការណ៍កីឡាជនពិការ​អាស៊ី​អាគ្នេយ៍លើកទី១២ ដែលហៅកាត់ថា ​អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាបានធ្វើជាម្ចាស់​ផ្ទះកាលពីថ្មីៗកន្លងមកនេះ។ហេតុដូច្នេះ​ ក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទី ​បានអំពាវនាវឱ្យគ្រប់​ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវយករាល់លិខិតបទដ្ឋានគតិយុត្តិជាតិនិងអន្តរជាតិ​ពាក់ព័ន្ធ​នឹងជនមានពិការភាព ​រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន ​និងសំណល់ជាតិផ្ទុះពីសង្រ្គាមទៅ​អនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ក្នុងឱកាសបិទសន្និសីទនោះដែរ ​លោកទេសរដ្ឋមន្ត្រី បណ្ឌិត លី ធុជ អនុប្រធាន ទី ១ នៃអាជ្ញាធរមីន បានថ្លែងថា សន្និសីទក្នុងរយះពេល៣ ​ថ្ងៃនេះគឺបានពិភាក្សា គ្នាយ៉ាង ទូលំទូលាយ​ អំពី ជំនួយ ជនរងគ្រោះ ដូចជា សុខភាព ផ្លូវចិត្ត និង ការគាំទ្រ ផ្លូវចិត្ត ចំពោះ ការថែទាំ សុខភាព ​ការ​ដាក់បញ្ចូល សេដ្ឋកិច្ចសង្គម និង សារៈសំខាន់ នៃការប្រមូលទិន្នន័យ ។

បន្ថែមពីនេះលោក លី ធុជ បន្តជម្រុញរក្សាឱ្យបាននូវសន្ទុះឆ្ពោះទៅមុខ ដែលយើងបាន​បង្កើតឡើង​​នៅក្នុងសន្និសីទនេះ ​ហើយយើងទាំងអស់គ្នាត្រូវប្រែក្លាយគំនិតចំណេះដឹង និង​បទពិសោធន៍ ដែលទទួលបានក្នុងសន្និសីទនេះ​ ឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីផ្លាស់ប្តូរ​ជីវិត​របស់ជនរងគ្រោះដោយសារគ្រាប់មីន​ និងធ្វើឱ្យការរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។ លោក លី ធុជ បន្តថា នៅពេលដែលយើងរួបរួមគ្នានោះយើង ​នឹងអាចកសាងពិភពលោកមួយ ដែល​ជនរងគ្រោះទាំងអស់ ​អាចទទួលបានការថែទាំ​ ការគាំទ្រ ​និង​ឱកាស​ដែលជនរង​គ្រោះពិការភាព​គួរទទួលបាន៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print