ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា និង ដោយមើលឃើញពីការវិវត្តយ៉ាងចាប់រហ័សរបស់សហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជាដែលតែងតែដណ្តើមបានមេដាយពីការប្រកួតនៅលើឆាកអន្តរជាតិនានានោះ ក្រុមហ៊ុនចែកចាយនិងលក់សម្ភារកីឡាដ៏ល្បីឈ្មោះនៅជប៉ុន YONEX SPORT បានឧបត្ថម្ភសម្ភារកីឡាមួយចំនួនដល់សហព័ន្ធសម្រាប់បម្រើដល់ការហ្វឹកហាត់គិតជាទឹកប្រាក់ ប្រមាណជាង២ពាន់ដុល្លារអាមេរិកកាលពីថ្មីៗនេះដែលពិធីប្រគល់និងទទួលបានប្រារព្ធ ធ្វើនៅលើទីលានកីឡាសូហ្វតឺន្នីសកម្ពុជាក្នុងពហុកីឡដ្ឋានជាតិ។
លោក Munenobu Fukumoto អ្នកគ្រប់ គ្រងទីផ្សារ YONEX SPORT បានឲ្យដឹង ថា មូលហេតុចម្បងដែលលោកសម្រេច ចិត្តមកកម្ពុជា និងបាននាំយកសម្ភារកីឡានេះមកប្រគល់ជូនសហព័ន្ធកីឡាសូហ្វតឺ ន្នីសកម្ពុជាគឺដោយសារតែលោកសង្កេតឃើញថា សហព័ន្ធមួយនេះមានការរីកចម្រើន ច្រើនក្នុងរយៈពេលដ៏ខ្លី ។ អ្នកគ្រប់គ្រងទីផ្សារក្រុមហ៊ុនចែកចាយសម្ភារកីឡាដ៏ធំរបស់ ជប៉ុនមួយនេះបានសន្យាថានឹងបន្តជួយ ដល់កីឡាសូហ្វតឺន្នីសកម្ពុជាបន្តទៀតឲ្យបានច្រើនជាងនេះប្រសិនបើចាំបាច់នោះ ។
ជាមួយគ្នានេះលោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជាបានឲ្យដឹងថា ការផ្តល់ជូនសម្ភារកីឡាពី សំណាក់ក្រុមហ៊ុនចែកចាយសម្ភារកីឡាដ៏ល្បី YONEX SPORT របស់ជប៉ុននាពេល នេះគឺជាការចូលរួមផ្តល់កម្លាំងចិត្តបន្ថែម ទៀតដល់កីឡាករកីឡាការិនីសូហ្វតឺន្នីស កម្ពុជាសម្រាប់សម្រួលដល់ការហ្វឹកហាត់ជាមួយនឹងសម្ភារដែលមានគុណភាពខ្ពស់ ងាយស្រួលហ្វឹកហាត់និងពិបាករកទិញនៅកម្ពុជា ។
លោកអគ្គលេខាធិការបន្ថែមទៀតថា ពេលយើងទទួលបានការគាំទ្រពីក្រុមហ៊ុនដ៏ធំដូចនេះគឺយើងមានកម្លាំងចិត្តខ្លាំង ពីព្រោះសម្ភារទាំងនោះបើយើងគិតថាទិញនៅលើទីផ្សារវិញត្រូវចំណាយប្រាក់រាប់ ពាន់ដុល្លារដែរ។ ជាក់ស្តែងដូចកូនបាល់ កាលពីយើងចាប់កកើតសហព័ន្ធលើកដំបូងសូម្បីកូនបាល់ក៏សឹងតែគ្មានសម្រាប់ការហ្វឹកហាត់និងពិបាករកទិញទៀត ដូច្នេះ ចាប់តាំងពីមានគ្រូបង្គោលលោក ម៉ា សាតុ ចូលមកជួយយើងលែងខ្វះសម្ភារទៀត ហើយ ។
គួររំលឹកថា ការចូលរួមចំណែកពីក្រុម ហ៊ុនឯកជនក្នុងវិស័យកីឡាដោយចាប់ដៃគូជាមួយសហព័ន្ធពិតជាមានសំខាន់ណាស់ ក្នុងការជួយដល់វិស័យកីឡា។ក្រៅពីជួយសម្ភារកីឡាក្រុមហ៊ុននេះក៏មានសមាគម កីឡាវាយកូនបាល់របស់កូរ៉េបានជួយទាំងសម្ភារនិងគ្រូបង្វឹកដល់សហព័ន្ធកីឡា សូហ្វតឺន្នីសកម្ពុជាផងដែរ ៕
ដោយ៖ សារីម