មានការវាយប្រហារគ្រាប់បែកអត្តឃាត៣លើកជាបន្តបន្ទាប់នៅក្នុងប្រទសអារ៉ាប៊ីសាអូឌិត សម្លាប់សន្តិសុខ ៤នាក់ កាលពីថ្ងៃទី៤ ខែកក្កដា ក្នុងនោះមានទាំងការវាយប្រហារនៅមុខស្ថានទូទអាមេរិកទៀតផងក្នុងទីក្រុង Jeddah ។
សារព័ត៌មាន ស៊ីអិនអិន បានផ្សាយថា ការវាយប្រហារគ្រាប់បែកអត្តឃាតលើកទី១នៅមុខស្ថានទូតអាមេរិកធ្វើឲ្យប៉ូលិស២នាក់រងរបួស។ ជនវាយប្រហារអត្តឃាតបានបំផ្ទុះគ្រាប់បែកដែលពួកគេបានលាក់ក្នុងខ្លួន ។ ការវាយប្រហារកើតឡើងមុនប៉ុន្មានម៉ោងប៉ុណ្ណោះដែលអាមេរិកប្រារពបុណ្យឯករាជ្យជាតិ។
នៅតំបន់ Qatif ភាគខាងត្បូងប្រទេសសាឌីអារ៉ាប៊ី ជនវាយប្រហារគ្រាប់បែកអត្តឃាតបានប៉ុនប៉ងបំផ្ទុះនៅក្នុងព្រះវិហារនិកាយស៊ីអិត តែមិនបានសម្រេចក៏ត្រូវស្លាប់នៅនឹងកន្លែង។
ចំណែកការវាយប្រហារគ្រាប់បែកអត្តឃាតសម្លាប់មនុស្សច្រើននោះគឺស្ថិតនៅក្នុងទីក្រុង Medina នៅពេលដែលជនវាយប្រហារបានបំផ្ទុះគ្រាប់បែកសម្លាប់សន្តិសុខ ៤នាក់និងមនុស្ស ៥នាក់ផ្សេងទៀតរងរបួស។
ការវាយប្រហារគ្រាប់បែក៣លើកខាងលើកើតឡើងក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ក្នុងប្រទេសសាឌីអារ៉ាប៊ី ហើយការវាយប្រហារនោះកើតឡើងជិតពេលដែលពិធីបុណ្យ Ramadan ជិតបញ្ចប់។
ក្រៅពីនេះក៏មានការវាយប្រហារគ្រាប់បែកកើតឡើងជាច្រើននៅក្នុងប្រទេសទួគី បង់ក្លាឌែស យ៉េម៉ែន និងអ៊ីរ៉ាក់សម្លាប់មនុស្សរាប់រយនាក់។ ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS បានប្រកាសទទួលស្គាល់ថា នោះជាទង្វើរបស់ខ្លួន ។ ចំណែកនៅក្នុងប្រទេសសាឌីអារ៉ាប៊ី ក៏ជាស្នាដៃរបស់ក្រុម IS នោះដែរ ។
សាឌីអារ៉ាប៊ី គឺជាគោលដៅវាយប្រហាររបស់ក្រុម IS រយៈពេលជាង២ឆ្នាំកន្លងមក ។ កាលពីខែមិថុនា ក្រសួងមហាផ្ទៃប្រទេសនេះបានប្រកាសថា មានករណីវាយប្រហារភេរវកម្មកើតឡើងរហូតដល់ទៅ ២៦លើក ៕
ប្រែសម្រួល៖ សាធី