ក្លិបបាល់ទាត់ Leicester City ម្ចាស់ ជើងឯកអង់គ្លេស Premier League ឆ្នាំ២០១៦បានយល់ព្រមទិញខ្សែប្រយុទ្ធអន្តរជាតិ នីហ្សេរីយ៉ា Ahmed Musa ពីក្លិប CSKA Moscowរបស់រុស្ស៊ីក្នុងតម្លៃខ្លួន១៦,៦លានផោន ។
ការទិញខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះបានក្លាយទៅជាកំណត់ត្រាថ្មីមួយទៀត របស់ក្លិប Leicester City ដែលពុំធ្លាប់បានចាយលុយច្រើនយ៉ាងនេះទេកន្លងមក។ Ahmed Musa បានស៊ុតបាល់ចំនួន៥៤ គ្រាប់ឲ្យក្រុម CSKA Moscow ក្នុង ចំណោម១៦៨ប្រកួត ។
លោក Leonid Slutsky គ្រូបង្វឹក របស់ក្រុម CSKA Moscow បានបញ្ជាក់ថា កីឡាករ Ahmed Musa ពិតជានឹងចាក ចេញពីក្រុមរបស់គាត់មែនដោយគាត់បានថ្លែងថា “គាត់នឹងចាកចេញនៅថ្ងៃអង្គារ ។ គាត់ពិតជាមានសមត្ថភាពលេងនៅក្នុង ប្រទេសអង់គ្លេសបាន។”
កីឡាករ Musa បានឈ្នះជើងឯករុស្ស៊ី Premier League ចំនួន៣ដង និងរុស្ស៊ី Cup ចំនួន១ដងពេលលេងឲ្យក្រុម CSKA Moscow។ រូបគេក៏ជាតួអង្គមួយដែលបានជួយក្រុមជម្រើសជាតិនិហ្សេរីយ៉ាឈ្នះជើងឯកAfrica Cup of Nationsឆ្នាំ២០១៣ផងដែរ។
Musa ក្លាយទៅជាកីឡាករទីបួនដែល Leicester Cityបានទិញសម្រាប់រដូវកាលថ្មីបន្ទាប់ពី ខ្សែការពារកណ្តាល Luis Hernandez អ្នកចាំទី Ron-Robert Zieler និងខ្សែបម្រើ Nampalys Mendy៕
ដោយ៖ ដេវីត