សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បក្ខពួករបស់ខ្ញុំ គឺប្រជាពលរដ្ឋខ្មែរទាំងអស់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បក្ខពួករបស់សម្តេច គឺប្រជាពលរដ្ឋខ្មែរទាំងអស់ ហើយអ្នកមានអំណាចនៅកម្ពុជា គឺប្រជាពលរដ្ឋទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ជិត២ម៉ឺននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។​

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីបម្រើប្រជាជនទាំងអស់គ្នា និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជានឹងកាន់តែរីកចម្រើន ឱ្យតែប្រជាពលរដ្ឋ កម្មករ និយោជិត នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេស និងបម្រើប្រជាជនដើម្បីការពារសុខសន្តិភាពនិងការអភិវឌ្ឍ។

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅក្រុមប្រឆាំងដែលបានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា អភិវឌ្ឍន៍ដើម្បីតែបក្សពួកនិងក្រុមអ្នកមានអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។
សម្ដេចធិបតីបានទទួលយក និងបានបកស្រាយថាបក្ខពួករបស់គណបក្សប្រជាជនកម្ពុជា គឺប្រជាពលរដ្ឋខ្មែរទាំងមូល ហើយអ្នកដែលមានអំណាចក៏ជាប្រជាពលរដ្ឋខ្មែរផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាគ្រប់គោលនយោបាយនិងការអភិវឌ្ឍទាំងអស់របស់គណបក្សប្រជាជនដែលកំពុងដឹកនាំរដ្ឋ គឺសំដៅជួយទៅដល់ប្រជាពលរដ្ឋទាំង ១៧លាននាក់នៅកម្ពុជា។
សម្ដេចថា៖ «និយមន័យរបស់អ្នកឯងចង់ចោទខ្ញុំ! ប៉ុន្តែអ្វីដែលខ្ញុំធ្វើគឺបក្សពួករបស់ខ្ញុំ ១៧លាននាក់»។
សម្ដេចថា សម្ដេចបកស្រាយនេះគឺមិនមែនតែដើម្បីខ្លួនរបស់សម្ដេចនោះទេ ក៏ប៉ុន្តែដើម្បីការពាររាជរដ្ឋាភិបាលនិងមន្ត្រីដែលបានខំធ្វើការជួយប្រជាពលរដ្ឋផងដែរ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print