ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា និយមន័យនៃការអភិវឌ្ឍ គឺការធ្វើឱ្យប្រជាជនមានជីវភាពមានបាន ដោយធ្វើឱ្យតំបន់មួយមានតម្លៃ ជាឧទាហរណ៍ ដីព្រៃដែលធ្លាប់តែរកសត្វចិញ្ចឹមជីវិតតិចតួច បច្ចុប្បន្ននេះទៅជាដីមានតម្លៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលកម្មករ-និយោជិត នៅរោងចក្រសហគ្រាសចំនួន៣២ ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នៅក្នុងរាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ការអភិវឌ្ឍដី មិនមែនសំដៅលើការទិញ-លក់យកប្រាក់ចំណេញ ដូចឈ្មួញកណ្តាលស្វែងប្រាក់ចំណេញ ដែលគេហៅថា អ្នកគួកជេរដីទេ តែការអភិវឌ្ឍពិតប្រាកដ គឺអភិវឌ្ឍដី បង្កើតរោងចក្រ បង្កើតសហគ្រាស ដូចជាផ្សារអ៊ីអន៣ ជាដើម ចែលបានបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋមានការងារធ្វើរកប្រាក់ចំណូលជាប្រចាំ។ នេះហើយ ការអភិវឌ្ឍ គឺធ្វើប្រជាជនមានជីវភាពធូរធារ រស់នៅក្នុងដង្ហើមសេដ្ឋកិច្ច។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា គឺគិតគួរផលប្រយោជន៍បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋជានិច្ច ហើយរាជរដ្ឋាភិបាលសូមប្រកាសថា នឹងមិនឲ្យថ្លៃភ្លើងកើនឡើងនោះទេ រួមទាំងការដំឡើងថ្លៃអ្វីៗផ្សេងៗទៀតផងដែរ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា កត្តាជីវភាព របស់បងប្អូនកម្មករ និយោជិត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋគឺជាការចាំបាច់បំផុត ខណៈប្រទេសនីមួយៗមានការរីកចម្រើនជឿនលឿនគឺអាស្រ័យទៅលើចំណូលរបស់ប្រជាជន ដូច្នេះគោលនយោបាយរបស់រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាជំរុញកត្តាជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺចំណូលរបស់ប្រជា ជនគ្រប់រូបតែម្តង៕
ដោយ ៖ សហការី