ខេត្តរតនគិរី៖ បទល្មើសព្រៃឈើបានកក្រើកឡើងវិញខណៈសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានរួមនឹងជំនាញរដ្ឋបាលព្រៃឈើ ខ្វះភាពទទួលខុសត្រូវបង្ក្រាបទប់ស្កាត់ជាដើម។ ជាក់ស្តែងគំនរឈើប្រណីតប្រភេទសុក្រំជាច្រើនកំណាត់ដែលមានមុខកាត់៣០សង់ទីម៉ែត្រ គុណ ៤០សង់ទីម៉ែត្រ ប្រវែង៣ទៅ៤ម៉ែត្រ ត្រូវបានគេគរទុកយ៉ាងតិចចំនួន៦កន្លែង នៅក្នុងដីក្រុមហ៊ុន ៧២ ម៉ែន សារុន ស្ថិតក្នុងភូមិស៊ូស ឃុំយ៉ាទុង ស្រុកអូរយ៉ាដូវ ខេត្តរតនគិរី ដែលគេដឹងថា ឈើល្មើសទាំងនេះ និងត្រៀមឆ្លងទៅប្រទេសវៀតណាមតាមច្រកនគរបាលការពារព្រំដែនលេខ៧០៥ អូរថ្ម ប៉ុន្តែត្រូវបានគេប្រទះឃើញកាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ និងមានសមត្ថកិច្ចជំនាញបានទៅកាន់ទៅនោះ ប៉ុន្តែមិនដឹងថាបង្ក្រាប ឬត្រូវទៅយកលុយពីក្រុមឈ្មួញល្មើសច្បាប់។
លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីហាក់ដូចមិនបានចាប់អារម្មណ៍ទៅនឹងបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចខ្លួនកាន់កាប់ តាមទូរស័ព្ទលោកបញ្ជាក់ថា កំពុងជាប់រវល់ និងមិនបានដឹងក្នុងរឿងនេះដោយសារមានធុរៈទៅចូលរួមពិធីបុណ្យរុក្ខទិវារួចក៏បិទទូរស័ព្ទ។
លោក ហេង រតនា ស្នងការរងទទួលបន្ទុកកិច្ចការព្រំដែនបានឲ្យដឹងថា ករណីនេះលោកបញ្ជាកម្លាំងចំនួន៥នាក់ ដើម្បីចុះទៅពិនិត្យមើល និងត្រូវប្រគល់តួនាទីនេះទៅឲ្យខាងជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធី។
គួរឲ្យអស់សំណើចផងដែរ ខណៈមានគំនរឈើល្មើសច្បាប់បែរជាថ្នាក់ដឹកនាំឲ្យសមត្ថកិច្ចជំនាញផ្នែកមន្ត្រីបរិស្ថានជាច្រើននាក់ចុះទៅពិនិត្យឈើ ប៉ុន្តែអ្នកទាំងនោះសុទ្ធតែមុខសញ្ញារកស៊ីបទល្មើសព្រៃឈើយ៉ាងដុះស្លែទៅហើយ នៅខេត្តរតនគិរី ដូចជាឈ្មោះធិន, ឈ្មោះម៉ាប់, ឈ្មោះ ទី, ឈ្មោះ ម៉ៅ អ្នកទាំង៤នាក់អ្នកណាក៏ដឹងថាគាត់គឺជាអ្នកជំនួញឈើខុសច្បាប់។
ឈើជាច្រើនត្រូវបានឆ្លងទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវ ច្រករបៀងគ្រប់គ្រងដោយនគរបាលការពារព្រំដែន និងយោធាការពារព្រំដែន ស្របពេលជំនាញរដ្ឋបាលព្រៃឈើកំពុងប្រឹងស្វែងរកសេដ្ឋកិច្ចពីបទល្មើសទាំងនេះ៕
ដោយ៖ វុទ្ធឦសាន