ស្លាប់១៣នាក់ របួសប្រហែល៥០នាក់ ដោយគ្រោះថ្នាក់រថភ្លើង២ខ្សែបុកគ្នានៅប្រទេសឥណ្ឌា

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃ៣០ ខែតុលា ឆ្នាំ២០២៣ អាជ្ញាធរឥណ្ឌាបានឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់១៣នាក់ បានបាត់បង់ជីវិត និងប្រហែល៥០នាក់ទៀតបានរងរបួស នៅពេលរថភ្លើង២ខ្សែ បានបុកគ្នានៅភាគអាគ្នេយ៍នៃប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ។

ឧបទ្ទវហេតុខាងលើបានកើតឡើងកាលពីយប់អាទិត្យ បន្ទាប់ពីរថភ្លើងអ្នកដំណើរ១ខ្សែ បានបើកជ្រុលទៅបុករថភ្លើងអ្នកដំណើរ១ខ្សែទៀត ចំពីខាងក្រោយ ដោយមិនអើពើភ្លើងសញ្ញាប្រាប់ឱ្យប្រុងប្រយ័ត្ន នៅចន្លោះក្រុង Alamanda និង Kantakapalle ស្ថិតក្នុងរដ្ឋ Andhra Pradesh។ អាជ្ញាធរឥណ្ឌាបាននិយាយថា អ្នកដំណើរ១៣នាក់បានស្លាប់ និង៥០នាក់បានរងរបួស ខណៈការស៉ើបអង្កេតជាបឋមបានរកឃើញថា កំហុសមនុស្សគឺជាកត្តាដែលបាននាំឱ្យកើតមានការប៉ះទង្គិចគ្នានោះ។
ឥណ្ឌាជាប្រទេសដែលមានបណ្តាញផ្លូវដែកធំបំផុតមួយ នៅលើពិភពលោក ហើយបានជួបប្រទះហេតុការណ៍មហន្តរាយធំៗមួយចំនួន នាពេលកន្លងមក ខណៈមហន្តរាយអាក្រក់ជាងគេបំផុតនោះ គឺកាលពីឆ្នាំ១៩៨១ នៅពេលរថភ្លើងមួយខ្សែ បានក្រឡាច់ធ្លាក់ពីផ្លូវពេលកំពុងបើកឆ្លងស្ពាន នៅរដ្ឋ Bihar ហើយបណ្តាលឱ្យ មនុស្សប្រហែល៨០០នាក់ស្លាប់។ ដោយឡែក កាលពីខែមិថុនា ឆ្នាំនេះ ហេតុការណ៍រថភ្លើង៣គ្រឿងបុកគ្នា បានផ្តាច់ជីវិតមនុស្សជិត៣០០នាក់ នៅរដ្ឋ Odisha ខណៈក្នុងខែតុលានេះ ក៏មានករណីរថភ្លើង១ខ្សែក្រឡាច់ធ្លាក់ផ្លូវនៅរដ្ឋ Bihar ផងដែរ ហើយបានសម្លាប់មនុស្ស៤នាក់៕

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print