សារព័ត៌មាន Xinhua នៅថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរប្រទេសម៉ិកស៉ិក បានឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា តួលេខមនុស្សស្លាប់ដោយសារព្យុះហឺរីខិន Otis នៅរដ្ឋ Guerrero ភាគខាងត្បូង បានបន្តកើនដល់៤៨នាក់ ខណៈ៣៦នាក់ផ្សេងទៀត នៅកំពុងបាត់ខ្លួននៅឡើយ។
ទីភ្នាក់ងារគាំពារជនស៉ីវិលម៉ិកស៉ិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងចំណោមអ្នកស្លាប់ខាងលើ គឺ៤៣នាក់នៅទីក្រុងរីសត Acapulco និង៥នាក់នៅទីក្រុង Coyuca de Benitez ក្បែរខាងគ្នា។ ព្យុះ Otis បានបោកបក់មកដល់រដ្ឋ Guerrero ដែលស្ថិតនៅបណ្តោយឆ្នេរប្រទេសម៉ិកស៉ិក ខាងមហាសមុទ្រប៉ាស៉ីហ្វិក ក្នុងទម្រង់ជាព្យុះហឺរីខិនកម្រិត category 5 កាលពីថ្ងៃពុធសប្តាហ៍មុន ហើយបានបង្កឱ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ជាពិសេសនៅទីក្រុង Acapulco ដែលជាគោលដៅទាក់ទាញភ្ញៀវទេសចរចម្បងមួយ របស់ប្រទេសអាមេរិកឡាទីនមួយនេះ។
ព្យុះខាងលើបានកើនឡើងថាមពល យ៉ាងឆាប់រហ័សជាទីបំផុត គឺប្រែក្លាយពីត្រឹមព្យុះត្រូពិច មកជាព្យុះហឺរីខិន category 5 ក្នុងពេលតែ១២ម៉ោងប៉ុណ្ណោះ ជាហេតុនាំឱ្យក្រុមអ្នកស្រុកនៅម៉ិកស៉ិក មានពេលវេលាតិចតួចពេកដើម្បីត្រៀមលក្ខណៈ។ ព្យុះហឺរីខិនតែងតែបោកបក់ចំលើប្រទេសម៉ិកស៉ិកជារៀងរាល់ឆ្នាំ ទាំងនៅបណ្តោយឆ្នេរខាងមហាសមុទ្រប៉ាស៉ីហ្វិក និងនៅខាងមហាសមុទ្រអាត្លង់ទិច ដែលជាធម្មតាគឺអំលុងចន្លោះខែឧសភា និងខែវិច្ឆិកា ប៉ុន្តែមានតែមួយចំនួនតូចប៉ុណ្ណោះ ដែលបោកបក់មកដល់ដីគោក ក្នុងទម្រង់ជាហឺរីខិន category 5 បែបនេះ។
កាលពីខែតុលា ឆ្នាំ១៩៩៧ ព្យុះហឺរីខិនឈ្មោះ Pauline បានវាយប្រហារមកលើឆ្នេរខាងមហាសមុទ្រប៉ាស៉ីហ្វិករបស់ម៉ិកស៉ិក ក្នុងទម្រង់ជាព្យុះ Category 4 ហើយបានផ្តាច់ជីវិតមនុស្សជាង ២០០នាក់ ក្នុងនោះមួយចំនួនស្ថិតនៅទីក្រុង Acapulco។ វាគឺជាហឺរីខិនដ៏ប្រល័យបំផុតមួយ ដែលបានបោកបក់លើប្រទេសម៉ិកស៉ិក៕
រូបថត: AP