ខេត្តត្បូងឃ្មុំ៖ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ បានចូលរួមសហការជាមួយ ការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធប្រចាំតំបន់៦ នៃសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ ដែលមានទីតាំងនៅស្រុកពញាក្រែក ដើម្បីត្រួតពិនិត្យសាច់បង្កកចំនួន ១០តោន លួចនាំចូលពីប្រទេសវៀតណាម តាមរយៈរថយន្តបង្កកសាច់។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប។
ក្រោយការត្រួតពិនិត្យ សីតុណ្ហភាពតាររយៈឧបករណ៍ testo និងត្រួតពិនិត្យអនុលោមភាព មន្ត្រីជំនាញបានបញ្ជាក់ថា៖ សាច់ក្របី ចំនួន ៨,៥០០គ.ក មានសីតុណ្ហភាព (-៥អង្សាសេ) និងសាច់ជ្រូក ១,៥០០គ.ក មានសីតុណ្ហភាព (-៣អង្សាសេ) ដូចនេះ ផ្អែកតាមច្បាប់និងបទប្បញ្ញត្តពាក់ព័ន្ធ សាច់បង្កក ខាងលើនេះត្រូវបានបង្កកស្របតាមលក្ខណៈបច្ចេកទេសនិងមានអនុលោមភាព។ យ៉ាងណាមិញ មន្រ្តីសាខាគយនិងរដ្ឋាករនឹងអនុវត្តនីតិវិធីបន្ត លើការនាំចូលនេះបន្តទៅទៀត។
មន្ត្រីជំនាញក.ប.ប បានគូសបញ្ជាក់ទៀតថា ជាមួយគ្នានោះ ក្នុងថ្ងៃទី៣០ ខែតុលានេះដែរ ដោយអនុវត្តតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ដែលចង្អុលបង្ហាញដោយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាធរមាន សាខា ក.ប.ប. ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ចុះត្រួតពិនិត្យតាមផ្ទះលក់ទំនិញ ម៉ាតនានា ដោយបានរកឃើញទំនិញប្រភេទទឹកត្រី ប័រ នំ មី ។ល។ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២.៤៧គីឡូក្រាម និងបានធ្វើនីតិវិធីដកហូត ជាមួយនឹងការពិន័យអន្តរការណ៍ចំពោះអាជីវករប្រព្រឹត្តល្មើសផងដែរ៕ដោយ៖សហការី