ភ្នំពេញ÷ គិតត្រឹមថ្ងៃនេះ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជិតពាក់កណ្តាល់ប្រទេស បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលផ្តួច ផ្តើមឡើងដោយក្រសួងបរិស្ថាន អស់រយៈពេល២ខែកន្លងមកនេះ។ យោងតាមទិន្នន័យផ្តល់ដោយមន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី៣០ ខែតុលានេះ សិស្សា នុសិស្សសរុបចំនួន ១,៨៦១,២២៣ នាក់ រួមជាមួយលោកគ្រូ-អ្នកគ្រូ សរុបចំនួន ៦៦,៥០៣ នាក់ មកពីគ្រឹះ ស្ថានសិក្សាសាធារណៈនិងឯកជនចំនួន៣.៩៦៩សាលា ទូទាំងប្រទេសបានចូលរួមក្នុងយុទ្ធនាកាត់បន្ថយការប្រើ ប្រាស់ប្លាស្ទិកបានចំនួន ៦,២០៨ដង។ ដោយឡែកកម្មករ-កម្មការិនីនៅតាមរោងចក្រសហគ្រាស ចំនួន៨៣ កន្លែងផ្សេងទៀតស្មគ្រចិត្តចូលរួមយុទ្ធនាការ ១ កញ្ញា និងបានប្តេជ្ញាចិត្ត«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ប្រសិនបើសិស្សម្នាក់ ឬ គ្រូម្នាក់ ក៏ដូចជាប្រជាពលរដ្ឋម្នាក់ បានចូលរួមក្នុងយុទ្ធនាការនេះ នឹងមានមនុស្សយ៉ាងហោចណាស់៣នាក់ទៀត រួមមាន ឪពុក ម្តាយ បង ឬប្អូន បានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ហើយដែលធ្វើឲ្យប្រជាពលរដ្ឋជិតពាក់ កណ្តាលនៃចំនួនប្រជាជនកម្ពុជា។ រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានសង្កត់ធ្ងន់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានគ្រប់ដណ្តប់លើផ្ទៃប្រទេស ដែលបង្កើនសកម្មភាពចូលរួម ឲ្យបរិស្ថានស្អាត នៅតាមមូលដ្ឋាននានា ក្រៅពីនៅតាមសាលារៀន រោងចក្រ សហគ្រាសថែមទៀត។
នៅថ្ងៃនេះដែរបណ្ឌិត អ៊ាង សុផល្លែត បន្ថែមថា ជោគ ជ័យនៃយុទ្ធនាការនេះមិនអាចកើតឡើងបានទេ ប្រសិន បើគ្មានការគាំទ្រ និងការចូលរួមពីភាគីពាក់ព័ន្ធនានា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងម្នាក់ៗ ដែលមានគោលដៅ ចូលរួមកែប្រែឥរិយាបថរបស់មនុស្សទាំងក្នុងជំនាន់នេះ និងនាពេលអនាគតផងដែរ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីសំដែងនូវក្តីសង្ឃឹមថាយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក ជាមួយនឹងសារដ៏សាមញ្ញ ប៉ុន្តែមានលក្ខណៈស៊ីជម្រៅ ដែលបានលើកទឹកចិត្តពួកយើងម្នាក់ៗ ឲ្យពិចារណាឡើងវិញនូវជម្រើស និងទម្លាប់ការរស់នៅប្រចាំថ្ងៃរបស់យើង ដោយការបោះជំហានយ៉ាងសំខាន់មួយ ឆ្ពោះទៅកម្ពុជាស្អាត នៅពេលខាងមុខ៕ ដោយ៖សុរិយា