ខេត្តបន្ទាយមានជ័យៈ ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលស្ថិតនៅក្នុងភូមិឈូកអាង ឃុំពន្លៃ ស្រុកភ្នំ ស្រុក ចំនួន៦០គ្រួសារ ទទួលបានគ្រឿងបរិភោគនិងឧបភោគពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ដឹកនាំដោយលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីលោក ជូ បុត្រ អភិបាលនៃគណៈអភិបាលស្រុក លោកស្រីអភិបាលរង កងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថ អាជ្ញាធមូលដ្ឋានបានចូលរួមនារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
នាឱកាសនោះលោក ឃ្លោក នួយ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តនិងលោកជំទាវ ជូនដល់បងប្អូនដែលរស់នៅដោយក្តីនឹករលឹក។ មួយវិញទៀតលោកបាន ណែនាំដល់បងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយអនាម័យ តាមរយៈការហូបស្អាត ផឹតស្អាត និងរស់នៅស្អាតប្រកបដោយអនាម័យ។
ដោយតំបន់ខាងលើស្ថិតនៅផ្ទៃអាងត្រពាំងថ្ម ជាជម្រកមឆ្ឆាជាតិ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបនេសាទ នៅចំនុចអាងត្រពាំងថ្មនេះ សូមកុំប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់ ពិសេសឧបករណ៍ឆក់ជាដើម ដែលវាធ្វើឲ្យប៉ះពាល់ទៅដល់ពូជត្រី ។ ដូច្នេះលោកក៏បានសំណូមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បើសិនជាមានករណីនេសាទដោយប្រើប្រាស់ ឧបករណ៍ឆក់ ឬឧបករណ៍ផ្សេងៗដែលច្បាប់ហាមឃាត់ សូមរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីធ្វើការចុះបង្ក្រាបបានទាន់ពេលវេលា ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៦០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម, មី១១កញ្ចប់, ត្រីខមួយយួរទឹកស៊ីអ៉ីវ៣ដប និងទឹកត្រី៣ដបផងដែរ៕ដោយ៖វណ្ណា