ភ្នំពេញ៖ ស្រាក្រហមម៉ាក ឡឺហ្វេ និង ហូហ្គាឌិន ដែលក្រុមហ៊ុន អ៊សខ្មែរខូអិលធីឌីបានទទួលសិទ្ធិផ្តាច់មុខពីក្រសួងពាណិជ្ជកម្ម ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រុង ចុះបង្រ្កាបនិងឆែកឆេរទីតាំងលក់ស្រាមួយកន្លែងយីហោGourmet តាមបណ្ដាលផ្លូវលេខ៥១កែងផ្លូវលេខ២២៨ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ហើយទីតាំងនោះទើបតែបានបើកបានរយៈពេលតែ២ថ្ងៃ ប៉ុណ្ណោះ ។
បើយោងតាមមេធាវីលោក ខៀវ វ៉ាន បាននិយាយថា ក្រុមហ៊ុន អ៊សខ្មែរខូអិលធីឌី ទើបតែបានទទួលសិទ្ធិផ្តាច់មុខពីក្រសួងពាណិជ្ជកម្ម កាលពីខែកុម្ភៈ ឆ្នាំ២០១៦នេះ ប៉ុន្តែដោយមានការនាំចូលមកលក់និងចែកចាយគេចពន្ធ ដាក់លក់តាមបណ្តាលអាជីវកម្មតូចៗ ដូច្នេះហើយក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់។
ក្រោយប្រតិបត្តិការណ៍បង្រ្កាបទីតាំងខាងលើនេះដឹកនាំដោយលោក យឹម សុជាតិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាលិទ្ធផលសមត្ថកិច្ចដកហូតបានស្រាគេចពន្ធចំនួនជាង២០០ដប ហើយក្នុងនោះគឺមានស្រា២ប្រភេទ គឺម៉ាកឡឺហ្វេ និង ហូហ្គាឌិន ។ បន្ទាប់មកសមត្ថកិច្ចបន្តចុះទៅត្រួតពិនិត្យទីតាំងមួយកន្លែងទៀតដែលជាកន្លែងស្តុបទុកស្រាទាំងអស់នោះ នៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ៕
ដោយ៖ ស ដារ៉ា