រដ្ឋមន្រ្តីរុស្ស៉ី មួយរូបទៀតបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ចំពេល នៃការអភិវឌ្ឍកម្មវិធីមីស៉ីល

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា គណៈប្រតិភូរុស្ស៉ីដឹកនាំដោយរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ លោក Alexander Kozlov កំពុងបំពេញទស្សនកិច្ចក្នុងទីក្រុងព្យុងយ៉ាង ខណៈដែលដំណើរទស្សនកិច្ចនេះបានកើតមានឡើង បន្ទាប់ពីកូរ៉េខាងជើងទើបនឹងបានប្រកាសអំពីវឌ្ឍនភាពថ្មី នៃកម្មវិធីមីស៉ីលផ្លោងរបស់ខ្លួន។

KCNA រាយការណ៍ថា រុស្ស៉ីចង់អភិវឌ្ឍ «កិច្ចសហប្រតិបត្តិការជាច្រើនវិស័យ» ជាមួយកូរ៉េខាងជើង ដោយផ្អែកតាមកិច្ចព្រមព្រៀង រវាងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅពេលជួបគ្នាកាលពីខែកញ្ញា លើទឹកដីរុស្ស៉ី។
KCNA ក៏បានរាយការណ៍នៅថ្ងៃពុធនេះដែរថា កូរ៉េខាងជើងបានអភិវឌ្ឍ និងធ្វើតេស្ត ប្រកបដោយជោគជ័យលើ «ម៉ាស៊ីនដំណើរការដោយឥន្ធនៈរឹងស៊េរីថ្មីមួយ» សម្រាប់មីស៊ីលបាលិស្ទីគរយៈចម្ងាយមធ្យម។ ចំណែក ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងខែវិច្ឆិកានេះថា កូរ៉េខាងជើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្ម ហើយហាក់ដូចជាបានទទួលជំនួយបច្ចេកទេសពីរុស្ស៉ី។
លោក Kozlov បានទៅដល់កូរ៉េខាងជើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបជាមួយមន្រ្តីនៃប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ ដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងអនុវត្ត បទឈប់បាញ់សង្គ្រាមកូរ៉េ នៅក្នុងទីក្រុងសេអ៊ូលដោយបង្ហាញក្តីបារម្ភថា ចិន និងរុស្ស៉ីកំពុងជួយកូរ៉េខាងជើងពង្រីក សមត្ថភាពយោធារបស់ខ្លួន៕

...

រូប​ថត​: Tass

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print