ខេត្តពោធិ៍សាត់ ៖ កម្លាំងចម្រុះរួមមានមន្រ្តីជំនាញរដ្ឋបាលជលផលខណ្ឌសង្កាត់ នគរបាលយោធាសឹករង សហការគ្នាចុះ បង្រ្កាបជនប្រព្រឹត្តបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់នារដូវបិទនេសាទ ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០១៦ នៅបឹងទន្លេសាបត្រង់ចំណុចជ្រោយវែង, កោះក្អែក, ព្រែកសរស្អោក ស្ថិតក្នុងភូមិកោះក្អែក ឃុំ រាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
លោក ថៃ សីលាលីតា នាយរងខណ្ឌ រដ្ឋបាលជលផលពោធិ៍សាត់បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខាងលើលទ្ធផលបានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងព្រមទាំងឱ្យជនល្មើសរុះរើដោយខ្លួនឯងផងដែរចំពោះឧបករណ៍ នេសាទខុសច្បាប់ដូចជា របាំងចំនួន១៥ ខ្សែ ក្នុងនោះបរ ចំនួន៣ខ្សែ មានប្រវែង ៥៧០ម៉ែត្រ, បង្គោលចម្រឹង៣១៩ដើម, ក្បាល(បរ)ចំនួន ៣គ្រឿង, ត្រីចម្រុះចំនួន២០គីឡូក្រាម, លូកងសាច់អួនចំនួន៥ខ្សែមានប្រវែង៣៣០ម៉ែត្រ , បង្គោលចម្រឹងចំនួន៣០៧ដើម និងលូកងសាច់អួនចំនួន៧មាត់, ត្រីចម្រុះចំនួន២៧គីឡូក្រាម, អ៊ុយស្បៃមុងចំនួន៦ខ្សែប្រវែង៧៣០ម៉ែត្រ បង្គោលចម្រឹងចំនួន១៣៥ដើម, លូស្បៃមុងចំនួន៦មាត់, ត្រីចម្រុះចំនួន១៥គីឡូក្រាម និងឧបករណ៍ទើបបង្កើតថ្មីចំនួន១ខ្សែមានប្រវែង៥០ម៉ែត្រ និងត្រីចំនួន២គីឡូក្រាម ។ ដូច្នេះលទ្ធផលក្នុងការបង្រ្កាបសរុបរបាំងចំនួន១៥ខ្សែមានប្រវែង ១៦៨០ម៉ែត្រ , បង្គោលចម្រឹងចំនួន៧៦១ដើម, ក្បាល(បរ).លូកងលូស្បៃមុងចំនួន១៦ និង ត្រីចម្រុះចំនួន៦៤គីឡូក្រាម ។
លោកនាយរងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បន្តថា ក្នុងនោះកម្លាំងបានរុះរើប្រភេទឧបករណ៍នេសាទខុសច្បាប់ទើបនឹងបង្កើតថ្មីចំនួន៥៥ខ្សែ មានប្រវែង៤៤០ម៉ែត្រ និងត្រីចម្រុះទម្ងន់៧គីឡូក្រាមដែលឧបរណ៍ទាំងនេះត្រូវបានគេនាំចូលពីប្រទេសវៀតណាមនៅឆ្នាំ២០១៦នេះ ហើយ ឧបករណ៍ប្រភេទនេះជាឧបករណ៍កែច្នៃ ទើបបង្កើតថ្មី ដែលអ្នកនេសាទជនជាតិវៀតណាមដាក់ឈ្មោះថា នរក១២ជាន់ ឬប្រឹស១០០ហើយឧបករណ៍នេះគេដាក់ចាប់ត្រីនារដូវបិទនេសាទនៅពេលទឹកទន្លេឡើង គឺដេញតាមទឹករហូតព្រោះឧបករណ៍នេះ វាដាក់បានតែទឹករាក់ៗប៉ុណ្ណោះ ត្រីចម្រុះ ចូលទាំងអស់ព្រោះវាមានប្រឹសទាំងសងខាង ហើយវាងាយស្រួលក្នុងការនេសាទធ្វើឱ្យសមត្ថកិច្ចមានផលលំបាកក្នុងការ បង្រ្កាបដោយសារគេដាក់វាពន្លិចទឹកដោយមើលមិនដឹងនោះឡើយ ។
លោកបន្តទៀតថា វត្ថុតាងដែលកម្លាំងធ្វើការបង្រ្កាបបានមួយចំនួនត្រូវបានបំផ្លាញចោលនៅនឹងកន្លែង និងមួយចំនួនទៀតត្រូវបានរុះរើយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលកណ្ដៀង ហើយក្នុងនោះក៏បាន ឱ្យជនប្រព្រឹត្តរុះរើខ្លួនឯងជាច្រើនខ្សែផងដែរ ៕
ដោយ៖ ប៉ឹម ពិន