ភ្នំពេញ : តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច បើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ករណីសកម្មភាព ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួល ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលលេខ ៦៦៦១ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានជនសង្ស័យចំនួន ០៣នាក់ ទី១-ឈ្មោះ ង្វៀង វ៉ាន់ហ៊ីប (NGUYEN VAN HIP) ភេទប្រុស ជនជាតិវៀតណាម ទី២-ឈ្មោះ ង្វៀង វ៉ាងជើង (NGUYEN QUAN THANG) ភេទប្រុស ជនជាតិវៀតណាម និងទី៣-ឈ្មោះ ម៉ូ វីហ្នឹង (NGO QUY PHOUNG) ភេទប្រុស ជនជាតិវៀតណាម ដែលត្រូវបានសង្ស័យថាប្រព្រឹត្តសកម្មភាព ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតក្នុងរាជធានីភ្នំពេញ ។ បន្ទាប់ពីការរាយការណ៍របស់ ក្រុមហ៊ុនដឹកជញ្ជូននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការ បានធ្វើការបង្ក្រាបករណីខាងលើ ព្រមទាំងបានឃាត់ខ្លួន ជនសង្ស័យនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងបាវិត ខេត្តស្វាយរៀង និងបានដកហូតវត្ថុតាងគ្រឿង ញៀនប្រភេទកេតាមីនមានទម្ងន់ ៩៩២ ក្រាម និងសារធាតុរាវចំនួន ១០៤កញ្ចប់ មានទម្ងន់ ៦០៥២៨ ក្រាម (សារធាតុមិនច្បាស់) បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច បើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៥០០៦ អ.យ.ខ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើ៖
១-ឈ្មោះ ង្វៀង វ៉ាន់ហ៊ីប (NGUYEN VAN HIP) ភេទប្រុស ជនជាតិវៀតណាម (ឃាត់ខ្លួន)
២-ឈ្មោះ ង្វៀង វ៉ាងនឹង (NGUYEN QUAN THANG) ភេទប្រុស ជនជាតិវៀតណាម (ឃាត់ខ្លួន) ៣
-ឈ្មោះ វីហ្នឹង (NGO QUY PHOUNG) ភេទប្រុស ជនជាតិវៀតណាម (ឃាត់ខ្លួន)
៤-ឈ្មោះ វី និងបក្ខពួក (គេចខ្លួន) ។
ពីបទ៖ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតក្នុងរាជធានី ភ្នំពេញ បទល្មើសមានបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ដោយ : រ៉ារ៉ា