ភ្នំពេញ ៖ ក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ ក្រុមអាជីវករ ផលិតករ និងសិប្បករ បានចូលរួមតាំងពិព័រណ៍ និងលក់ផលិតផលរបស់ខ្លួនជាច្រើន និងមានគ្រប់មុខ ដើម្បីចូល រួមចំណែកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយក្រុមអាជីវករ មានក្តីរំពឹងខ្ពស់ ក្នុងការលក់ដូរផលិតផលរបស់ខ្លួន និងអាចរកចំណូលបានច្រើន ។
ជាក់ស្ដែងនៅថ្ងៃទី១ នៃពិធីបុណ្យអុំទូកក្នុងឆ្នាំនេះ សង្កេតឃើញថា ការលក់ដូររបស់ក្រុមអាជីវករ មានលក់ដូរលើផលិតផលិតចម្រុះរួមមាន របស់របរ ប្រើប្រាស់ ជាពិសេសចំណីអាហារ សម្រាប់បម្រើការហូបចុក មានផលិតផលក្រៀម ផលិតផលវេចខ្ចប់ និងការលក់ដូរនំចំណីអាហារ ធ្វើស្រស់ៗជាដើម ព្រោះនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងមានប្រជាពលរដ្ឋមកពីគ្រប់ទិស ទីចូលរួមក្នុងពិធីនេះផងដែរ។
បេីតាមក្រុមអាជីវករទាំងនោះបានលើកឡើងស្រដៀងគ្នាថា នេះជាឱកាសដ៏ល្អ ដើម្បីផ្សព្វផ្សាយផលិតផល ស្វែងរកចំណូល ជាពិសេស ចង់ផ្សព្វផ្សាយផលិតផលរបស់ពួកគាត់ ឲ្យប្រជាជនបានស្គាល់ និងគាំទ្រផលិតផល ជាពិសេសផលិតផលជាតិ ដែលផលិតនិងវេចខ្ចប់ដោយកូនខ្មែរ មានគុណភាព និងសុវត្ថិភាពខ្ពស់ និងជាការចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តិទៅក្នុងពេល ៣ថ្ងៃ ។
ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាឆ្នាំនេះ បន្ទាប់ពីខកខានប៉ុន្មានឆ្នាំកន្លងមក ឃើញថា ក្នុងឆ្នាំនេះ ក្រុមអាជីវករ ផលិតករ និងសិប្បករ បានចូលរួមតាំងពិព័រណ៍ និងលក់ផលិតផលរបស់ខ្លួនជាច្រើន និងមានគ្រប់មុខ ដើម្បីចូល រួមចំណែកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកផង ការផ្សព្វផ្សាយ និងលក់ផលិតផលផដែរ ។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ មានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះទូកអុំ មានចំនួន ១៥៨ ទូក, ទូកចែវ បុរស ៤២ ទូក, ទូកចែវនារី ១ទូក ,ទូកខ្នាតអន្តរជាតិបុរស ចំនួន ១៣៥ ទូក នារី ២ទូក, មានចំណុះទូកសរុបទាំងអស់ ចំនួន ២០៤៤ នាក់ ដែលមកពីក្រសួង-ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។
ក្នុងឆ្នាំ២០២៣នេះដែរ ក៏មានប្រទីបចំនួន ៣០ ក្នុងនោះមកពីក្រសួង និងស្ថាប័នរដ្ឋ ចំនួន ២៨ ប្រទីបវិស័យឯកជន ចំនួន២ នឹង ធ្វើការបណ្តែតតាមដងទន្លេសាបមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ព្រះរាជពិធីក៏មានប្រជាជន មកពីគ្រប់ទិសទីដើរកម្សាន្ត និងទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបជាដើម៕ ដោយ ៖ ភារ៉ា ដង្កោ