ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ បានចេញមកឆ្លើយតបបំភ្លឺចំពោះការបញ្ចេញមតិរបស់បុគ្គលចំនួន២រូប នៅក្នុងគណនីហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ សៅ សុខា។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានគូសបញ្ជាក់ថា ករណីទី១៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កងរាជអាវុធហត្ថ បានឃើញការបញ្ចេញមតិរបស់បុគ្គលចំនួន២រូប នៅក្នុងគណនីហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសថា «១៖ ខ្ញុំមានឪពុកជាកងរាជអាវុធហត្ថមួយរូបនៅខេត្តតាកែវ ហើយគ្រួសារក្រីក្រទៀត ប៉ុន្តែជិត៤ឆ្នាំហើយ ដែលឪពុកខ្ញុំទទួលរងនូវភាពអយុត្តិធម៌ ឪពុកខ្ញុំគ្មានសិទ្ធិសូម្បីតែបកស្រាយការពិត សង្ឃឹមថា ឯកឧត្តម អាចឈឺឆ្អាលនឹងសំណុំរឿងឪពុកខ្ញុំផង។ ២-គ្រួសារកងរាជអាវុធហត្ថខេត្តតាកែវកំសត់ណាស់មានមេដឹកនាំមិនអើពើ អំពើអយុត្តិធម៌ សូមឯកឧត្តមមើលខ្លះផង»។
ចំពោះករណីនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី សូមឆ្លើយតប និងបកស្រាយជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលដែលពាក់ព័ន្ធជ្រាបថា៖
ទី១៖ តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា បុគ្គលទាំង២រូបនោះ គឺជាកូនបង្កើតរបស់ឈ្មោះ ឈុន សុមេធា អតីតនាយការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងយុត្តិធម៌ កងរាជអាវុធហត្ថខេត្តតាកែវ។ បច្ចុប្បន្នកំពុងជាប់ពន្ធនាគារពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ដែលត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចមន្ទីរបង្ក្រាបគ្រឿងញៀន និងត្រូវបានតុលាការប្រកាសសាលក្រមជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ ដោយសាលាតំបូងរាជធានីភ្នំពេញ។
ទី២៖ មតិរបស់បុគ្គលឈ្មោះ “Chhun Naihang” និង “ឈុន ហេង” លើកឡើងថា “…ឪពុកខ្ញុំទទួលរងនូវភាពអយុត្តិធម៌ ឪពុកខ្ញុំគ្មានសិទ្ធិសូម្បីតែបកស្រាយការពិត សង្ឃឹមថា ឯកឧត្តម អាចឈឺឆ្អាលនឹងសំណុំរឿងឪពុកខ្ញុំផង…។…មេដឹកនាំមិនអើពើ អំពើអយុត្តិធម៌… ”។ ប្រទេសកម្ពុជា ជាប្រទេសនីតិរដ្ឋ បុគ្គលគ្រប់រូបមានភាពស្មើគ្នាចំពោះមុខច្បាប់ បើមិនសុខចិត្តចំពោះសាលក្រម ឬសាលដីកា របស់តុលាការក្នុងរឿងក្តីនោះទេ គឺមានសិទ្ធិប្ដឹងតវ៉ាចំពោះមុខច្បាប់ និងពឹងពាក់មេធាវីបាន។ ចំពោះកងរាជអាវុធហត្ថ មិនការពារបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់ឡើយ ប៉ុន្តែការពារ និងកោតសរសើរចំពោះយោធិននៃកងរាជអាវុធហត្ថដែលគោរពច្បាប់ គោរពវិន័យកងទ័ព ក្រមសីលធម៌ វិជ្ជាជីវៈ និងអនុវត្តត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន។
ទី៣៖ កងរាជអាវុធហត្ថ បានអប់រំយោធិនគ្រប់រូបឱ្យគោរពច្បាប់ គោរពវិន័យកងទ័ព ក្រមសីលធម៌ វិជ្ជាជីវៈ និងប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លាក «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»៕ដោយ៖សហការី