ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានជនសង្ស័យមួយក្រុមប្រដាប់ដោយដាវដេញកាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២៣មួយគ្រឿងបានសម្រេច និងបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវប្រជាពលរដ្ឋជិតខាងដឹកតាមរុឺម៉កយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យរុស្ស៊ី កាលពីវេលាម៉ោង ៨ និង៥០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា ពេលកើតហេតុ មានជនសង្ស័យមួយក្រុមប្រដាប់ដោយដាវបានជិះម៉ូតូមិនស្គាល់ម៉ាកជាច្រើនគ្រឿងដេញកាប់ប្លន់ទៅលើបុរសរងគ្រោះម្នាក់ពុំដឹងថាពីចំណុចណានោះទេ លុះជិះមកដល់ចំណុចផ្លូវបេតុងគេហៅផ្លូវប្រឡាយបារាំង (កន្លែងកេីតហេតុ)ស្រាប់តែក្រុមជនសង្ស័យទាំងនោះទាញដាវកាប់ទៅលើបុរសរងគ្រោះជាច្រើនដាវចំដៃមួយចំហៀងស្ទើតែដាច់ចេញពីស្មាររងរបួសធ្ងន់ធ្ងន់ រួចក៏លេីកយកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣មួយគ្រឿងរបស់ជនរងគ្រោះជិះគេចខ្លួនបាត់អស់ ។ ក្នុងអំឡុងពេលនោះ ប្រជាពលរដ្ឋជិតខាងក៏បានព្យាយាមជួយទៅលើជនរងគ្រោះយកឈើនិងដុំថ្មគុបទៅលើជនសង្ស័យដែរតែទោះជាយ៉ាងណាក៏មិនអាចឃាត់យកម៉ូតូជនរងគ្រោះមកវិញ ។
បន្ទាប់មកពួកគាត់ជាពលរដ្ឋល្អ ក៏បាននាំគ្នាយកម៉ូតូសណ្ដោងរុឺដឹកបុរសរងគ្រោះទៅកាន់មន្ទីរពេទ្យរុស្ស៊ីដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ព្រមទាំងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ បានចុះមកដល់រួចសុំឆែកកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដេីម្បីយកទៅធ្វើការស្រាវជ្រាវតាមចាប់សង្ស័យទាំងនេះយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យខានតែបាន ៕ ដោយ ៖ ភារ៉ា ដង្កោ