ពោធិ៍សាត់៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងគណៈកម្មាធិការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ដ្រខេត្ដពោធិ៍សាត់ ចាប់រថយន្ដដំរីទឹកប្រភេទកែឆ្នៃដឹកឈើប្រគល់ឱ្យមន្ដ្រីជំនាញរដ្ឋបាលព្រៃ បន្ដតាមនីតិវិធី ។
ប្រតិបត្ដិការការបង្ក្រាបរថយន្ដដឹកឈើប្រគល់ឱ្យមន្ដ្រីជំនាញខាងលើ ប្រព្រឹត្ដឡើងកាលពី ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំណុចរាំងខ្វាវ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ ។
លោកវរៈសេនីយ៍ទោ ទូច យុទ្ធី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ប្រតិបត្ដិការការបង្ក្រាបខាងលើ មានភាពលំបាកខ្លាំងដោយសារភូមិសាស្ដ្រនោះជាតំបន់ព្រៃដាច់ស្រយ៉ាល គ្មានសេវាទូរស័ព្ទទំនាក់ទំនងក៏ពិតមែន ប៉ុន្ដែការអនុវត្ដន៍ការងារបានលទ្ធផលជាផ្លែជាផ្កា ដោយមានកិច្ចសហការល្អជាមួយកម្លាំង គណៈកម្មាធិការបង្ក្រាបបទល្មើស គ្រប់ប្រភេទក្នុងភូមិសាស្ដ្រខេត្ដពោធិ៍សាត់ និងដោយមានកិច្ចចង្អុលការពីលោក អ៊ឹង គឹមលាង អភិបាលរងខេត្ដពោធិ៍សាត់ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការបង្ក្រាបបទល្មើសគ្រប់ ប្រភេទក្នុងភូមិសាស្ដ្រខេត្ដពោធិ៍សាត់ ហើយវត្ថុតាងរថយន្ដដំរីទឹក ប្រភេទកែឆ្នៃដឹកឈើខាងលើ ត្រូវបានប្រគល់ឱ្យមន្ដ្រីជំនាញរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកដើម្បីបន្ដនីតិវិធីនៅផ្នែករដ្ឋបាលព្រៃឈើក្រវាញ ។
មន្ដ្រីជំនាញរដ្ឋបាលព្រៃឈើ បានប្រាប់ដែរថាក្រោយពីធ្វើការវាស់វែងរាប់ជាក់ស្ដែងរួមគ្នារួចមកឃើញថាឈើចំនួន ១៥៣សន្លឹក ស្មើនឹង ៥,២៩១ម៉ែត្រគូបហើយឈើខាងលើនេះជាប្រភេទឈើអារលេខ២ មន្ដ្រីដដែលបន្ដទៀតថា ឈើប្រភេទខាងលើនេះ យោងតាមច្បាប់ស្ដីពីរដ្ឋបាលព្រៃឈើ ត្រូវពិន័យអន្ដរកាល មានន័យថាមួយគុណនឹងបីដង នៃតម្លៃឈើក្នុង ១ម៉ែត្រគូប នៅលើទីផ្សារ ហើយត្រូវបិទប្រកាសរយៈពេល ៣០ថ្ងៃ ដើម្បីឱ្យម្ចាស់នៃវត្ថុតាងខាងលើ ឱ្យចូលខ្លួន បើករណីមិនចូលខ្លួន ជំនាញត្រូវបំពេញបែបបទ តាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ដប៉ុន្ដែបើគេរកឃើញមធ្យោបាយដឹកជញ្ជូនបទល្មើសខាងលើជារថយន្ដកែឆ្នៃត្រូវរឹបអូសទុកជាសម្បត្ដិរដ្ឋ ៕ ប៉ឹម ពិន