លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល សួរសុខទុក្ខ និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

ក្នុងការចុះពិនិត្យនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនរបស់មជ្ឈមណ្ឌល ទាំងរហដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្តាប់ធ្នាប់ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ព្រមទាំងត្រូវពិនិត្យបន្ថែមទៀត ក្នុងការជ្រើសរើសវេជ្ជបណ្ឌិតឯកទេសសម្ភពរោគស្ត្រី សង្គ្រោះទារក វះកាត់ផ្នែកសរីរាង្គ ថែមទៀត ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋជាពិសេសស្រ្តី និងកុមារ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមសម្តែងអំណរគុណ និងកោតសរសើរជូនចំពោះមន្រ្តីសុខាភិបាលនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ទាំងអស់ដែលបានបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាពិសេសក៏សូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់បានលះបង់ពេលវេលា កំលាំងកាយ ចិត្តចូលរួមចំណែកបម្រើសេវាសុខាភិបាល ក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអំទូក អកអំបុក និងសំពះព្រះខែ ដែលទើបកន្លងផុតពីម្សិលមិញនេះ។

ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌល និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print