ខេត្តកោះកុង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការអភិវឌ្ឍវិស័យអគ្គិសនី នៅតែជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីផ្ដល់ថាមពល អគ្គិសនី ដែលមានតម្លៃសមរម្យទៅដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ច សង្គមរបស់ប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា អ្នកខ្លះឱ្យតែនិយាយពីសុខសន្ដិភាព ស្ថិរភាពរបស់ប្រទេសកម្ពុជា ពួកគេតែងតែចោទប្រកាន់ថា រាជរដ្ឋាភិបាលផ្ដាច់ការតែម្ដង ខណៈដែលប្រទេសកម្ពុជាបើគ្មានសុខសន្ដិភាព ក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាវិស័យថាមពលអគ្គិសនីនេះជាដើម។
-សម្ដេចធិបតី បានចេញបញ្ជានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យបញ្ឈប់គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដែលប្រើធ្យូងថ្ម និងបញ្ជាឱ្យបញ្ឈប់ដំណើរការរោងចក្រអគ្គិសនីដើរ ដោយថាមពលធ្យូងថ្មនៅមុនពេលកំណត់។
-សម្ដេចធិបតី ថ្លែងថា សម្រាប់អាណត្តិទី៧នេះ សម្ដេចបានប្រគល់ភារកិច្ចដល់ក្រសួងរ៉ែ និងថាមពល លើវិស័យអាទិភាពចំនួន ៥ ក្នុងនោះទី១ ការអភិវឌ្ឍវិស័យថាមពល ទី២ បញ្ឈប់ការអភិវឌ្ឍរោងចក្រអគ្គិសនីដុតដោយធ្យូងថ្ម ទី៣ ធ្វើបច្ចុប្បន្នភាពផែនការមេឡើងវិញលើការអភិវឌ្ឍវិស័ថាមពលអគ្គិសនី ៤ លើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី និងទី៥ ធ្វើការងារការទូត ផ្នែកការទូតបៃតង សម្រាប់ការវិនិយោគ និងការអភិវឌ្ឍ។
-សម្ដេចធិបតី ថ្លែងថា ការអភិវឌ្ឍប្រទេស គឺឈរលើមូលដ្ឋានគ្រឹះសំខាន់ចំនួន ២គឺបរិស្ថានអំណោយផលល្អ(សុខសន្តិភាព) និងគោលនយោបាយត្រឹមត្រូវ។
-សម្ដេចធិបតី ថ្លែងថា កម្ពុជាត្រូវធានាឱ្យបាននូវសន្តិសុខថាមអគ្គិសនី និង ឯក រាជ្យភាពថាមពលអគ្គិសនី ដើម្បីធានាដល់ការអភិវឌ្ឍ និងបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា ក្នុង១ឆ្នាំ រដ្ឋគ្រោងថវិកា១០០លានដុល្លារ ឧបត្ថម្ភធនសម្រាប់យកទៅទប់លើការប្រើប្រាស់ថ្លៃអគ្គិសនីជូនដល់ប្រជាពលរដ្ឋ (បញ្ចុះតម្លៃអគ្គិសនី) ជារៀងរាល់ឆ្នាំ។
– សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលដាក់គោលដៅអភិវឌ្ឍវិស័យថាមពលអគ្គិសនីដល់ប្រជាពលរដ្ឋជាង ១ ភាគរយ ដែលមិនទាន់មានអគ្គសនីប្រើប្រាស់ ត្រូវផ្គត់ផ្គង់ឱ្យមានអគ្គិសនីប្រើប្រាស់នៅមុនឆ្នាំ ២០៣០។
-សម្ដេចធិបតី ថ្លែងថា ការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុងនេះ បើគិតតាំងពីការសិក្សារហូតដល់ការកសាងនាពេលនេះ គឺត្រូវប្រើប្រាស់ពេល១៨ឆ្នាំ ជាពិសេសការសិក្សាលើបញ្ចៀសផលប៉ះពាល់នានា។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋភិបាលតាមរយៈអគ្គិសនីកម្ពុជា នឹងជំរុញការតបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ តាតៃលើ ឃុំជំនាប ឃុំ ប្រឡាយ ឱ្យបានគ្រប់ខ្នងផ្ទះ។
-សម្ដេចធិបតី ថ្លែងថា «ខ្ញុំសុខចិត្តឱ្យអ្នកខ្លះហៅខ្ញុំថា ផ្ដាច់ការទៅចុះ នៅពេលដែលខ្ញុំនិយាយពីសន្ដិភាពរបស់ប្រទេសកម្ពុជា ជាជាងមិនអាចស្វែងរកសន្ដិភាពជូនដល់ប្រជាជន»។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តទទួលខុសត្រូវលើពល រដ្ឋ និងប្រទេសជាតិចំនួន ៣ នោះគឺជំរុញជីវភាពពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ទី២ ទទួលខុសត្រូវលើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យបានហ្មត់ចត់បញ្ចៀសរាល់ការប៉ះ ពាល់។ ទី៣ រួមទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ច្បាស់ៗនៅចំពោះមុខសាធារណជននាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កម្ពុជានឹងមិនសាងសង់វារីអគ្គិសនីនៅតាមបណ្ដោយដងទន្លេមេគង្គនោះ ទេ គឺដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថាន និងជីវៈចម្រុះនានា។
-សម្ដេចធិបតី ថ្លែងថា ការតបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ តាតៃលើ ឃុំជំនាប ឃុំ ប្រឡាយ មានប្រវែង ៣៣ គីឡូម៉ែត្រ អាចផ្ដល់ផលដល់ពលរដ្ឋចំនួន ៦៦៣ គ្រួសារ និងអាចកើនលើសនេះ នាពេលខាងមុខ ខណៈសម្ដេចជំរុញឱ្យអគ្គិសនីកម្ពុជាត្រូវធ្វើការតភ្ជាប់ឱ្យបានរួចរាល់នៅមុនបំណាច់ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។
សូមជម្រាបជូនថា គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ គឺជាគម្រោងវារីអគ្គិសនី ដែលវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation (CHMC)។ គម្រោងវារីអគ្គិសនីនេះ ប្រើប្រភពទឹករបស់ស្ទឹង២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹក ដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនី នៅអគារថាមពល ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែប តាមបំពង់ទួណែល បង្ហូរទឹកក្រោមដី។
គម្រោងនេះ នឹងត្រូវធ្វើឡើងក្រោមរូបភាពជាគម្រោង វិនិយោគសាងសង់ -ដំណើរការ -ផ្ទេរ (Build-Operation-Transfer) ក្នុងទំហំវិនិយោគ សរុបជិត៤០០លានដុល្លារអាម៉េរិក និងផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះរយៈពេល ៤ឆ្នាំ សម្រាប់ការសាងសង់ និង ៣៥ឆ្នាំ សម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាន នៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជា គឺជាមធ្យមប្រមាណ ៥២៧លាន គីឡូវ៉ាត់ម៉ោង៕ដោយ៖ស តារា