សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បើសិនជាគ្រាន់តែការពារសន្តិភាពដែលកើតមាននៅកម្ពុជា ត្រូវគេលាបពណ៌ថាសម្ដេចជាជនផ្តាច់ការនោះសម្ដេចសុខចិត្តទទួលយក

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើសិនជាគ្រាន់តែការពារសន្តិភាពដែលកើតមាននៅកម្ពុជា ត្រូវគេលាបពណ៌ថាសម្ដេចជាជនផ្តាច់ការនោះសម្ដេចសុខចិត្តទទួលយក។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃ ក្នុងស្រុកថ្មបាំង ខេត្តកោះកុងព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីតម្លៃនៃសន្តិភាពចំពោះការរីកចម្រើនរបស់កម្ពុជា និងបានប្រកាសធានារក្សានៅសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសឲ្យមានបន្តទៅទៀត។
ជាមួយគ្នានេះសម្ដេចបានលើកឡើងថា បើសិនជាគ្រាន់តែការពារសន្តិភាពដែលមាននៅកម្ពុជាត្រូវរងនូវពាក្យថាជា  «ជនផ្តាច់ការ» សម្ដេចក៏ទទួលយកដែរពីព្រោះអ្វីដែលសម្ដេចធ្វើគឺដើម្បីតែសន្តិភាពជូនប្រជាជនប៉ុណ្ដោះ។
សម្ដេចក៏បានប្រកាសថានឹងមិនឲ្យកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអាណត្តិមុន ដែលបានបញ្ចប់សង្គ្រាមជាង៥០០ឆ្នាំរបស់កម្ពុជារលាយបាត់បង់ទៅវិញនោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អ្នកខ្លះឱ្យតែនិយាយពីសុខសន្ដិភាព ស្ថិរភាពរបស់ប្រទេសកម្ពុជា ពួកគេតែងតែចោទប្រកាន់ថា រាជរដ្ឋាភិបាលផ្ដាច់ការតែម្ដង ខណៈដែលប្រទេសកម្ពុជាបើគ្មានសុខសន្ដិភាព ក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាវិស័យថាមពលអគ្គិសនីនេះជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនី នៅតែជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីផ្ដល់ថាមពល អគ្គិសនី ដែលមានតម្លៃសមរម្យទៅដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ច សង្គមរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា ៖ ការអភិវឌ្ឍប្រទេស គឺឈរលើមូលដ្ឋានគ្រឹះសំខាន់ចំនួន ២គឺបរិស្ថានអំណោយផលល្អ(សុខសន្តិភាព) និងគោលនយោបាយត្រឹមត្រូវ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print