ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈបើកម៉ូតូចេញពីផ្ទះបម្រុងទៅហែលទឹកហាត់ប្រាណ នៅកោះនរា ត្រូវរថយន្តមិនចាំម៉ាកបុកពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ៥និង ៣០ នាទីព្រឹកថ្ងៃទី ៣០ខែវិច្ឆិកាឆ្នាំ ២០២៣ ស្ថិតនៅគល់ស្ពានកោះនរាប៉ែកខាងលិច សង្កាត់
ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ចាន់ប៉េង លាង អាយុ៥៩ឆ្នាំ មុខរបរលក់គ្រឿងសក្ការៈ បូជា មានទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូមួយគ្រឿងម៉ាកហុងដា គុបសេរី ចាស់គ្មានស្លាកលេខ ធ្វើដំណើរចេញពីផ្ទះបម្រុងតែហាត់ប្រាណនៅកោះនរា ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង មិនចាំម៉ាកនិងស្លាលលេខ ធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងល្បឿនយ៉ាងលឿន បានរ៉េចង្កូតបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនឹងវាស់វែង និងឆែកតាមកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរករថយន្តបង្ក និងអ្នកបើកបរយកមកផ្តន្ទាទោស តាមផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកសពជនរងគ្រោះសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ សាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ជ្រោយពេជ្រ