ខេត្តកោះកុង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យក្រសួងរ៉ែនិងថាមពល ធ្វើយ៉ាងណាតភ្ជាប់បណ្ដាញអគ្គិសនីឲ្យបានទូទាំងប្រទេសត្រឹមឆ្នាំ២០៣០។
ការប្រកាសរបស់សម្ដេចធិបតីនៅពេលនេះគឺធ្វើឡើងក្នុងពេលដែលសម្ដេចអញ្ជើញចុះបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
បច្ចុប្បន្នកម្ពុជាបានតភ្ជាប់បណ្ដាញអគ្គិសនីបាន ៩៨% ហើយនៅសល់តែជាង ២% ទៀតប៉ុណ្ណោះ ដែលនៅតាមទីដាច់ស្រយាលដែលបណ្ដាញអគ្គិសនីមិនទាន់ទៅដល់។
ជាមួយនឹងការតភ្ជាប់បណ្ដាញអគ្គិសនីឲ្យបានទូទាំងប្រទេសនៅត្រឹមឆ្នាំ២០៣០ សម្ដេចធិបតីក៏បានជំរុញទៅដល់អាជ្ញាធរអគ្គិសនីឲ្យជួយសម្រួលនូវសេវាកម្មក្នុងការបង់ប្រាក់ក៏ដូចជាការតបបណ្ដាញជូនប្រជាពលរដ្ឋ រួមទាំងអនុគ្រោះនិងបញ្ចុះនូវថ្លៃអគ្គិសនីដល់ប្រជាពលរដ្ឋផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ កម្ពុជាត្រូវធានាឱ្យបាននូវសន្តិសុខថាមអគ្គិសនី និង ឯក រាជ្យភាពថាមពលអគ្គិសនី ដើម្បីធានាដល់ការអភិវឌ្ឍ និងបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្នុង១ឆ្នាំ រដ្ឋគ្រោងថវិកា១០០លានដុល្លារ ឧបត្ថម្ភធនសម្រាប់យកទៅទប់លើការប្រើប្រាស់ថ្លៃអគ្គិសនីជូនដល់ប្រជាពលរដ្ឋ (បញ្ចុះតម្លៃអគ្គិសនី) ជារៀងរាល់ឆ្នាំ។
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលដាក់គោលដៅអភិវឌ្ឍវិស័យថាមពលអគ្គិសនីដល់ប្រជាពលរដ្ឋជាង ១ ភាគរយ ដែលមិនទាន់មានអគ្គសនីប្រើប្រាស់ ត្រូវផ្គត់ផ្គង់ឱ្យមានអគ្គិសនីប្រើប្រាស់នៅមុនឆ្នាំ ២០៣០ ៕