សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី៧ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរខួបលើកទី៧ «ចាប៉ីដងវែង» ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

«ចាប៉ីដងវែង» ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
«ចាប៉ី» ជាពាក្យក្លាយមកពីពាក្យសំស្ក្រឹតថា «ចក្ឆប៉ី»។ ចាប៉ីដងវែងជាឧបករណ៍មានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ ២ទេ។ ឧបករណ៍នេះប្រើសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។
គូសបញ្ជាក់ថា សម្បត្តិបេតិកភណ្ឌខ្មែរចំនួន១០ហើយ ដែលត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងនោះមាន តំបន់អង្គរ របាំព្រះរាជទ្រព្យ ប្រាសាទព្រះវិហារ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង តំបន់ប្រាសាទសំបូរព្រៃគុក ល្ខោនខោលវត្តស្វាយអណ្ដែត គុនល្បុក្កតោ និងប្រាសាទកោះកេរ។

សូមរម្លឹកបន្តិច ! តើ​ចាប៉ី​មាន​ប្រភព​តាំងពី​ពេលណា​ដែរ​? យើង​នៅ​មិនទាន់​បានកំណត់​ឲ្យ​ច្បាស់លាស់​ថា ចាប៉ី​មាន​វត្តមាន​តាំងពី​ពេលណា​មក​ទេ​។ ទោះបី​ជាមាន​ប្រាសាទបុរាណ​រាប់ពាន់​ក្នុង​ទឹកដី​យើង បាន​ឆ្លាក់​ពី​ទិដ្ឋភាព​រស់នៅ ជំនឿ​សាសនា រឿងរ៉ាវ​ប្រវត្តិសាស្ត្រ សិល្បៈ ។​ល​។ ក៏ដោយ តែ​យើង​មិន​បានឃើញ​រូបរាង​ឧបករណ៍​ណាមួយ​ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​ចាប៉ីដងវែង​ដូច​យើង​បានឃើញ​សព្វថ្ងៃនេះ​ទេ​។ ឧបករណ៍​ភ្លេង​ដែល​ឃើញ​ញឹកញាប់​ជាងគេ​តាម​ជញ្ជាំង​ប្រាសាទ​នោះ គឺ​ឧបករណ៍ពិណ​។

សូមជម្រាប ថា : ​យើង​បាន​រកឃើញ​ការបកស្រាយ​ខ្លះៗ ជា​សំណេរ តែ​ពុំមាន​លក្ខណៈ​លម្អិត​ឡើយ ជាហេតុ​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុងការ​កំណត់​បាន​អំពី​ប្រភព​ពាក្យ​ចាប៉ី និង​ដើមកំណើត​ឧបករណ៍​នេះ​។ បើតាម​ការពន្យល់​ពាក្យ ពិណ ក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ព​ក្នុង​ព​.​ស ២៥១១ ទំព័រ ៧៥១ មាន​សេចក្ដី​ដូច្នេះ​ថា ពិណ (​ពិន ឬ ត​.​ស​.​ស្រ​) ន (​សំ​. បា​. វី​ណា​) ចាប៉ី​៖ ដេញ​ពិណ​។

​ទោះបីជា​យ៉ាងណាក៏ដោយ យើង​ក៏​នៅ​មិនទាន់​ហ៊ាន​សន្និដ្ឋានថា ចាប៉ី គឺជា​ពិណ ឬ​ពិណ គឺជា​ចាប៉ី​នោះទេ​។ ដោយហេតុថា ទាំង​រូបរាង និង​តួនាទី​មាន​ភាពខុស​គ្នាច្រើន​។ បើ​យើង​ពិនិត្យ​លើ​រូបរាង​ចាប៉ី យើង​នឹង​ឃើញថា ចាប៉ី​ជា​ប្រភេទ​ឧបករណ៍​តន្ត្រី​មាន​ខ្ទង់ ហើយ​ការផ្លាស់ប្ដូរ​ពី​សម្លេង​មួយ​ប្រែប្រួល​តាម​គម្លាត​ខ្ទង់​ដែល​យើង​ចាប់​។ ខុសប្លែក​ពី​ឧបករណ៍ ពិណ ដែល​សម្លេង​អាស្រ័យ​លើ​ខ្សែ​នីមួយៗ​។ ប្រសិនបើ​ពិណ​មួយ​មាន​១៦​ខ្សែ នោះ វា​មាន​១៦​សម្លេង​ដែរ​។ ហើយ​បើ​យើង​មើល​ឲ្យ​កាន់តែ​ឆ្ងាយ​ដល់​ប្រភេទ​ឧបករណ៍​វី​ណា របស់​ឥណ្ឌា​វិញ ក៏​ភាគច្រើន​ជា​ប្រភេទ​ឧបករណ៍​មាន​ខ្ទង់​ដែរ​។ ប៉ុន្តែ​យើង​ប្រើប្រាស់​ពាក្យ​នេះ វី​ណា (​ពិណ​) ហៅ​ឧបករណ៍​តន្ត្រី​ពី​បុរាណកាល​មាន​ឆ្លាក់​នៅតាម​ជញ្ជាំង​ប្រសាទ​ថា ជា​ពិណ​។ តាម​ការយល់ឃើញ​រប​ស់​អ្នកនិពន្ធ ពិណ គួរតែ​ចាត់ទុកជា​ឧបករណ៍​មួយ​ដាច់ដោយឡែក​ពី​ចាប៉ី ហើយ​ពិណ​ប្រហែល​ជាមាន​ដើមកំណើត​មុន​ចាប៉ី​ដោយហេតុថា យើង​អាច​មើលឃើញ​ឧបករណ៍​ស្រដៀង​នឹង​ពិណ​របស់​យើង​មាន​លើ​ជញ្ជាំង​ប្រសាទ​បុរាណ​នៅ​អេ​ហ្ស៊ី​ប​ជាទី​អរិយធម៌​មនុស្សជាតិ​ដ៏​ចំណាស់ និង​អាច​រកឃើញ​ឧបករណ៍​ពិណ​នេះ នៅតាម​កុលសម្ព័ន្ធ​ជនជាតិដើម​មួយ​ចំនូ​ន​ផងដែរ​លើ​ពិភពលោក​យើង​នេះ​។​

​បើ​យោងតាម​ការបកស្រាយរ​បស់​ឧកញ៉ា​ទេព​ពិ​ទូរ ក្រ​សេម គ​ន្ថ​បណ្ឌិត អំពី​ប្រវត្តិ​វង់ភ្លេង​មហោរី ដូច្នេះ​ថា “​ភ្លេង ១ វង់​ដែល​ហៅថា “​មហោរី​” ជា​ភ្លេងខ្មែរ ១ យ៉ាង​ដែល​មានមក​អំពី​បុរាណកាល ដោយ​ខ្មែរ​បាន​ផ្ដើម​បង្កើតឡើង​ដោយ​គំនិត​ខ្លួនឯង​ជាដំបូង ក្នុង​វេលា​ដែល​ខ្មែរ​ចុះមក​នៅក្នុង​ប្រទេស​កម្ពុ​ជា​នេះហើយ​…….”​។ ក្នុងការ​រៀបរាប់​បន្ទា​ប់ ក៏មាន​ការពណ៌នា​អំពី​គ្រឿង​ភ្លេង​មហោរី​ជាន់​ដើម ក្នុងនោះ​ក៏មាន “​ចាប៉ី​” ផងដែរ​។  បើ​យើង​សង្កេត​ឃ្លា​ថា “​ចុះមក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នេះ​……” និង​ពាក្យ​ថា “​ចាប៉ី​” ព្រមទាំង​ផ្អែកលើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​ដូនតា​យើង​មក​តាំង​រាជធានី​ថ្មី​នៅ​ភ្នំពេញ​ក្នុង​គ​.​ស ១៤៣២​នោះ យើង​អាច​សន្និដ្ឋានបានថា វត្តមាន ចាប៉ី ក្នុង​វប្បធម៌​ខ្មែរ​គឺ​កើតមានឡើង​មុន​ឆ្នាំ ១៤៣២ (​សតវត្សរ៍​ទី ១៥) ទៅទៀត​។​
​ចំពោះ​តួនាទី​វិញ ពិណ ជា​ឧបករណ៍​តន្ត្រី​សម្រាប់​លទ្ធិ​ទេវ​និយម ប្រើ​ប្រគំ​ក្នុង​វង់ភ្លេង​ពិណពាទ្យ​ថ្វាយ​អាទិទេព ខុសស្រឡះ​ពី ចាប៉ី ដែលជា​ឧបករណ៍​តន្ត្រី​ដែល​ទទួល​ឥទ្ធិពល​ពី​ពុទ្ធសាសនា និង​សម្រាប់​ជីវភាព​ខ្មែរ​ផង​ដូចជា ការសម្ដែង​ចាប៉ី​ក្នុងន័យ​អប់រំ និង​សម្ដែង​ក្នុង​ភ្លេង​ការ អារក្ស និង​មហមហោរ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print