ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរខួបលើកទី៧ «ចាប៉ីដងវែង» ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
«ចាប៉ីដងវែង» ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
«ចាប៉ី» ជាពាក្យក្លាយមកពីពាក្យសំស្ក្រឹតថា «ចក្ឆប៉ី»។ ចាប៉ីដងវែងជាឧបករណ៍មានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ ២ទេ។ ឧបករណ៍នេះប្រើសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។
គូសបញ្ជាក់ថា សម្បត្តិបេតិកភណ្ឌខ្មែរចំនួន១០ហើយ ដែលត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងនោះមាន តំបន់អង្គរ របាំព្រះរាជទ្រព្យ ប្រាសាទព្រះវិហារ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង តំបន់ប្រាសាទសំបូរព្រៃគុក ល្ខោនខោលវត្តស្វាយអណ្ដែត គុនល្បុក្កតោ និងប្រាសាទកោះកេរ។
សូមរម្លឹកបន្តិច ! តើចាប៉ីមានប្រភពតាំងពីពេលណាដែរ? យើងនៅមិនទាន់បានកំណត់ឲ្យច្បាស់លាស់ថា ចាប៉ីមានវត្តមានតាំងពីពេលណាមកទេ។ ទោះបីជាមានប្រាសាទបុរាណរាប់ពាន់ក្នុងទឹកដីយើង បានឆ្លាក់ពីទិដ្ឋភាពរស់នៅ ជំនឿសាសនា រឿងរ៉ាវប្រវត្តិសាស្ត្រ សិល្បៈ ។ល។ ក៏ដោយ តែយើងមិនបានឃើញរូបរាងឧបករណ៍ណាមួយដែលមានលក្ខណៈស្រដៀងនឹងចាប៉ីដងវែងដូចយើងបានឃើញសព្វថ្ងៃនេះទេ។ ឧបករណ៍ភ្លេងដែលឃើញញឹកញាប់ជាងគេតាមជញ្ជាំងប្រាសាទនោះ គឺឧបករណ៍ពិណ។
សូមជម្រាប ថា : យើងបានរកឃើញការបកស្រាយខ្លះៗ ជាសំណេរ តែពុំមានលក្ខណៈលម្អិតឡើយ ជាហេតុដែលធ្វើឲ្យយើងពិបាកក្នុងការកំណត់បានអំពីប្រភពពាក្យចាប៉ី និងដើមកំណើតឧបករណ៍នេះ។ បើតាមការពន្យល់ពាក្យ ពិណ ក្នុងវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពក្នុងព.ស ២៥១១ ទំព័រ ៧៥១ មានសេចក្ដីដូច្នេះថា ពិណ (ពិន ឬ ត.ស.ស្រ) ន (សំ. បា. វីណា) ចាប៉ី៖ ដេញពិណ។
ទោះបីជាយ៉ាងណាក៏ដោយ យើងក៏នៅមិនទាន់ហ៊ានសន្និដ្ឋានថា ចាប៉ី គឺជាពិណ ឬពិណ គឺជាចាប៉ីនោះទេ។ ដោយហេតុថា ទាំងរូបរាង និងតួនាទីមានភាពខុសគ្នាច្រើន។ បើយើងពិនិត្យលើរូបរាងចាប៉ី យើងនឹងឃើញថា ចាប៉ីជាប្រភេទឧបករណ៍តន្ត្រីមានខ្ទង់ ហើយការផ្លាស់ប្ដូរពីសម្លេងមួយប្រែប្រួលតាមគម្លាតខ្ទង់ដែលយើងចាប់។ ខុសប្លែកពីឧបករណ៍ ពិណ ដែលសម្លេងអាស្រ័យលើខ្សែនីមួយៗ។ ប្រសិនបើពិណមួយមាន១៦ខ្សែ នោះ វាមាន១៦សម្លេងដែរ។ ហើយបើយើងមើលឲ្យកាន់តែឆ្ងាយដល់ប្រភេទឧបករណ៍វីណា របស់ឥណ្ឌាវិញ ក៏ភាគច្រើនជាប្រភេទឧបករណ៍មានខ្ទង់ដែរ។ ប៉ុន្តែយើងប្រើប្រាស់ពាក្យនេះ វីណា (ពិណ) ហៅឧបករណ៍តន្ត្រីពីបុរាណកាលមានឆ្លាក់នៅតាមជញ្ជាំងប្រសាទថា ជាពិណ។ តាមការយល់ឃើញរបស់អ្នកនិពន្ធ ពិណ គួរតែចាត់ទុកជាឧបករណ៍មួយដាច់ដោយឡែកពីចាប៉ី ហើយពិណប្រហែលជាមានដើមកំណើតមុនចាប៉ីដោយហេតុថា យើងអាចមើលឃើញឧបករណ៍ស្រដៀងនឹងពិណរបស់យើងមានលើជញ្ជាំងប្រសាទបុរាណនៅអេហ្ស៊ីបជាទីអរិយធម៌មនុស្សជាតិដ៏ចំណាស់ និងអាចរកឃើញឧបករណ៍ពិណនេះ នៅតាមកុលសម្ព័ន្ធជនជាតិដើមមួយចំនូនផងដែរលើពិភពលោកយើងនេះ។
បើយោងតាមការបកស្រាយរបស់ឧកញ៉ាទេពពិទូរ ក្រសេម គន្ថបណ្ឌិត អំពីប្រវត្តិវង់ភ្លេងមហោរី ដូច្នេះថា “ភ្លេង ១ វង់ដែលហៅថា “មហោរី” ជាភ្លេងខ្មែរ ១ យ៉ាងដែលមានមកអំពីបុរាណកាល ដោយខ្មែរបានផ្ដើមបង្កើតឡើងដោយគំនិតខ្លួនឯងជាដំបូង ក្នុងវេលាដែលខ្មែរចុះមកនៅក្នុងប្រទេសកម្ពុជានេះហើយ…….”។ ក្នុងការរៀបរាប់បន្ទាប់ ក៏មានការពណ៌នាអំពីគ្រឿងភ្លេងមហោរីជាន់ដើម ក្នុងនោះក៏មាន “ចាប៉ី” ផងដែរ។ បើយើងសង្កេតឃ្លាថា “ចុះមកនៅក្នុងប្រទេសកម្ពុជានេះ……” និងពាក្យថា “ចាប៉ី” ព្រមទាំងផ្អែកលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលដូនតាយើងមកតាំងរាជធានីថ្មីនៅភ្នំពេញក្នុងគ.ស ១៤៣២នោះ យើងអាចសន្និដ្ឋានបានថា វត្តមាន ចាប៉ី ក្នុងវប្បធម៌ខ្មែរគឺកើតមានឡើងមុនឆ្នាំ ១៤៣២ (សតវត្សរ៍ទី ១៥) ទៅទៀត។
ចំពោះតួនាទីវិញ ពិណ ជាឧបករណ៍តន្ត្រីសម្រាប់លទ្ធិទេវនិយម ប្រើប្រគំក្នុងវង់ភ្លេងពិណពាទ្យថ្វាយអាទិទេព ខុសស្រឡះពី ចាប៉ី ដែលជាឧបករណ៍តន្ត្រីដែលទទួលឥទ្ធិពលពីពុទ្ធសាសនា និងសម្រាប់ជីវភាពខ្មែរផងដូចជា ការសម្ដែងចាប៉ីក្នុងន័យអប់រំ និងសម្ដែងក្នុងភ្លេងការ អារក្ស និងមហមហោរ ៕