ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋភូមិស្ដីក្រោមនិងភូមិស្ដីលើ ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានទទូចស្នើសុំ ដល់អាជ្ញាធរមូលដ្ឋានឲ្យជួយដោះស្រាយ បញ្ហាផ្លូវពិបាករអិលខ្លាំងពេលភ្លៀងធ្លាក់ម្ដងៗ ។
អ្នកស្រីហ៊ុន អ៊ែរ អាយុ៦៤ឆ្នាំ រស់នៅ ភូមិស្ដីក្រោមបានត្អូញត្អែរប្រាប់ថា ផ្លូវមួយកំណាត់ប្រវែងប្រមាណ៣គីឡូម៉ែត្រក្នុងភូមិស្ដីក្រោមនិងភូមិស្ដីលើក្រោយពេលភ្លៀងម្ដងៗកន្លងមកនេះបានធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋជាច្រើនជួបការពិបាកជាខ្លាំងក្នុងការធ្វើដំណើរទៅមករថយន្តក៏រអិលរក កល់ធ្លាក់ផ្លូវចុះស្ទឹង ម៉ូតូឬកង់ក៏ជិះមិនរួច សូម្បីតែដើរក៏ដើរមិនចង់រួចផង ។ ជាក់ ស្ដែងនៅថ្ងៃភ្លៀងធ្លាក់ទី៥ ខែកក្កដាកន្លងមកសាលារៀនជាច្រើនបន្ទប់ត្រូវបិទទ្វារ ព្រោះតែសិស្សានុសិស្សពិបាកក្នុងការធ្វើ ដំណើរគ្រូក៏អវត្តមាន ដោយសារផ្លូវរអិល ជិះម៉ូតូមិនកើត ។
ការពិបាកនេះចាប់ផ្ដើមតាំងពីក្រុមហ៊ុនម៉ៅការធ្វើផ្លូវដែលមានឈ្មោះលឿងជ័រ បានយកអាចម៍ដី ដែលស្អិតមកចាក់ពង្រាយ ពីលើផ្លូវ ហើយទុកចោលរាប់ខែមិនឃើញចូលខ្លួនមកធ្វើទើបបង្កឲ្យប្រជាពលរដ្ឋ ជួបការពិបាកបែបនេះ ។
លោកឆេង ខុម អាយុ៥៨ឆ្នាំ រស់នៅ ភូមិស្ដីលើបានឲ្យដឹងដែរថា ផ្លូវមួយខ្សែខាងលើមានសារសំខាន់សម្រាប់អ្នកភូមិស្ដីក្រោមភូមិស្ដីលើក៏ដូចជាប្រជាពលរដ្ឋជាច្រើនភូមិទៀតដែលឆ្លងកាត់ផ្លូវនេះទៅផ្នែកខាងក្រោមព្រោះបើនៅតែបង្អង់យូរនៅពេលខាងមុខអាចនឹងមានប្រជាពលរដ្ឋណាម្នាក់ឬច្រើនជាងនេះនិងស្លាប់ដោយសារតែរអិលផ្លូវធ្លាក់ចូលទឹកស្ទឹងតែម្ដងព្រោះស្ថានភាពផ្លូវនេះម្ខាងផ្ទះអ្នកស្រុកនិងម្ខាងទៀតជាប់គ្នានឹងស្ទឹងសង្កែ ។
ប្រជាពលរដ្ឋក្នុងភូមិសាស្ដ្រនេះពេលឃើញមេឃខ្មៅងងឹតរកកល់ភ្លៀងម្ដងៗតែងតែពិបាកចិត្តនិងរួសរាន់បញ្ចប់ការងារ ផ្សេងៗពុំនោះទេត្រូវជាប់ផ្លូវជាក់ជាមិនខានឡើយ។ ក្នុងនាមរូបលោករួមទាំងបងប្អូនប្រជាពលរដ្ឋដទៃទៀតសូមសំណូមពរដល់ អាជ្ញាធរមូលដ្ឋានជួយជំរុញដល់ក្រុមហ៊ុនម៉ៅការខាងលើឲ្យបានលឿនបំផុតផង ព្រោះរដូវនេះជារដូវភ្លៀងធ្លាក់ ។
លោកលឿង ជ័រ ម្ចាស់ក្រុមហ៊ុនម៉ៅការ សាងសង់គម្រោង មូលនិធិ ឃុំនេះ បានឲ្យ ដឹងថា ការយ៉ឺតយ៉ាវនេះដោយសារក្រុម ហ៊ុន លោកដេញបានគម្រោងពីរហើយបានដកឃ្លាទៅធ្វើការងារនៅកន្លែងផ្សេងទៀតព្រោះដើម្បីបិទបញ្ជី ។ ពេលនេះគម្រោង ដែលប្រញាប់ការងារនោះត្រូវចប់ហើយ លោកនឹងបញ្ជូនគ្រឿងចក្រចូលធ្វើបន្ដទៀតក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លោកគាង ថិញ មេឃុំព្រែកហ្លួងបានលើកឡើងថាការដែលប្រជាពលរដ្ឋជួប ការលំបាកនេះលោកបានប្រឹងប្រែង ណាស់ ថែមទាំងបានទាក់ទងទៅកាន់ក្រុមហ៊ុនលឿង ជ័រច្រើនលើកច្រើនសាដែរ ប៉ុន្ដែត្រូវក្រុមហ៊ុនសន្យាចោល រហូតបិទ ទូរស័ព្ទ មិនលើកក៏មានជម្រើសចុងក្រោយ លោក បានចាត់ឲ្យមន្ដ្រីរបស់លោកទៅជួបផ្ទាល់តែម្ដងបើនៅតែដដែលអាចនឹង ពិភាក្សាគ្នា ដើម្បីលុបគម្រោងជួសជុលនេះ ចោលតែម្ដង ៕
ដោយ៖ ហេង នរិន្ទ្រ