ខេត្តកោះកុង ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ តាំងរាជរដ្ឋាភិបាលអាណត្តិមុនបន្តរហូតដល់បច្ចុប្បន្ន កម្ពុជានៅតែរក្សាជំហរមិនសាងសង់ទំនប់វារីអគ្គិសនីដោយផ្ទាល់នៅលើដងទន្លេមេគង្គនិងទន្លេសាបនោះទេ ដើម្បីធានាដល់ការថែរក្សាបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើដែលមានអានុភាព ១៥០ មេហ្កាវ៉ាត់» នៅស្រុកថ្មបាំង ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ពិតណាស់ យើងត្រូវការថាមពលអគ្គិសនីដើម្បីយកមកជំរុញការផលិត និងបង្កើនការអភិវឌ្ឍ តែយើងក៏ត្រូវស្វែងរកទីតាំងណាដែលមិនបង្កផលប៉ះពាល់។ បើតាមសម្ដេចធិបតី ទីណាដែលមានការអភិវឌ្ឍ តិចឬច្រើនតែងតែមានផលប៉ះពាល់ហើយ ដូច្នេះយើងត្រូវតែគិតគូរពីការប៉ះប៉ូវលើផលប៉ះពាល់ទាំងនោះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា ៖ សម្រាប់អាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចអាទិភាពចំនួន ៥ ដល់ក្រសួង រ៉ែ និងថាមពល ដើម្បីធ្វើការអភិវឌ្ឍវីស័យថាមពល អគ្គិសនី និងវិស័យរ៉ែ នៅក្នុងប្រទេសកម្ពុជា ដោយបានប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែ និងថាមពល ដឹកនាំ និងសម្របសម្រួលលើការងារអន្តរកាលវិស័យថាមពលដូចជា ជំរុញការអនុវត្តការងារ ប្រសិទ្ធភាពថាមពល ស្របតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាព ថាមពល ២០២២-២០៣០ ដែលរាជរដ្ឋាភិបាលបានអនុម័ត និងស្របទៅតាមផែនការសកម្មភាពដែលបានគ្រោង។ ជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់យានយន្តអគ្គិសនី (EV) ខណៈការប្រើប្រាស់យាន យន្តអគ្គិសនី ជួយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដោយសារការប្រើម៉ូទ័រអគ្គិសនី គឺមានប្រសិទ្ធភាពជាងការប្រើម៉ូទ័រឥន្ធនៈជាដើម ៕