ខេត្តកំពត ៖ នាថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមុិញនេះ លោកស្រីវេជ្ជ. យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងមន្រ្តីក្រុមប្រតិបត្តិសាខា អនុសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារយុវសិស្សប្រឡងជាប់ទទួលបាននិទ្ទេស(A)ដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ រួមមាន៖
១- ឈ្មោះ អន ផានិត ភេទប្រុស អាយុ១៨ឆ្នាំ (ឪពុក ម្តាយពិការ) មានទីលំនៅក្នុងភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ។
២- ឈ្មោះ ម៉ៅ កើន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ។
នាឱកាសនោះ លោកស្រី បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុតកន្លងមកប្អូនបានខិតខំសិក្សារៀនសូត្ររហូតទទួលបាននិទ្ទេសល្អប្រសើរ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងផ្តាំផ្ញើដល់ក្មួយៗឱ្យខិតខំប្រឹងប្រែងសិក្សារៀសូត្របន្តទៀត ដើម្បីអនាគតភ្លឺថ្លា។
អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន ៖
– អង្ករ៥០គីឡូក្រាម
– ត្រីខ២០កំប៉ុង
– ទឹកត្រី១យួរ
– ទឹកស៊ីអ៊ីវ១យួរ
– មី២កេស
– និងថវិកា២០ម៉ឺនរៀលផងដែរ ៕