សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣បានផ្សាយថា ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា កូរ៉េខាងជើងនឹងមិនចរចាជាដាច់ខាតនូវអធិបតេយ្យជាតិរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដោយបានរិះគន់ទីក្រុងវ៉ាស៉ីនតោនថា ពាក់ស្បែកមុខពីរសម្រាប់ការស្នើចង់ឱ្យមានកិច្ចសន្ទនា ប៉ុន្តែទន្ទឹមគ្នានេះបានខំប្រឹងបង្កើនសកម្មភាពយោធានៅក្នុងតំបន់។
អ្នកនាង Kim Yo Jong ដែលជាប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងជាមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ចេញ «ចរិតស្តង់ដារពីរជាខ្លាំង» ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) សប្តាហ៍នេះ ជុំវិញការបង្ហោះផ្កាយរណបចារកម្មដំបូងបំផុតនាពេលថ្មីៗកន្លងទៅរបស់កូរ៉េខាងជើង។
អ្នកនាង Kim បានលើកឡើងថា ស្របពេលដែលឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានរំលេចពីកិច្ចប្រឹងប្រែងចង់បើកកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង លោកស្រីមិនបានផ្តល់មូលហេតុសមស្របនិងគ្រប់គ្រាន់ ក្នុងការបដិសេធសិទ្ធិរបស់កូរ៉េខាងជើងដើម្បីអភិវឌ្ឍវិស័យអវកាសនោះឡើយ។ អ្នកនាង Kim បានបន្តថា លោកស្រី Thomas-Greenfield ក៏បានបរាជ័យផងដែរ ក្នុងការបង្កើតលេសឱ្យសមហេតុសមផលមួយដើម្បីគាំទ្រថា តើស្តង់ដាអាមេរិកសម្រាប់ទំនាក់ទំនងការទូត និងកិច្ចប្រឹងប្រែងដើម្បីបន្តកិច្ចសន្ទនាគ្នាឡើងវិញ អាចស៉ីគ្នាជាមួយនឹងសកម្មភាពយោធាបង្កហេតុរបស់ទីក្រុងវ៉ាស៉ីនតោន ក៏ដូចជាការដាក់ពង្រាយនាវាផ្ទុកយន្តហោះចម្បាំងនុយក្លេអ៊ែរ និងនាវាមុជទឹកនុយក្លេអ៊ែរជាដើម មកកាន់ឧបទ្វីបកូរ៉េដោយរបៀបណា។
ជាចុងក្រោយ ប្អូនស្រីលោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ដូច្នេះថា «យើងចង់បញ្ជាក់ឱ្យច្បាស់ប្រាប់អាមេរិកសាជាថ្មីម្តងទៀតថា អធិបតេយ្យរបស់រដ្ឋឯករាជ្យពេញលេញមួយគឺគ្មានថ្ងៃអាចក្លាយជារបៀបវារៈនៃកិច្ចចរចាឡើយ។ ហេតុនេះហើយ កូរ៉េខាងជើងនឹងគ្មានថ្ងៃអង្គុយចុះទល់មុខជាមួយសហរដ្ឋអាមេរិក សម្រាប់គោលដៅបែបនោះដាច់ខាត»។ កន្លងមក ទីក្រុងវ៉ាស៉ីនតោនបានស្នើឱ្យទីក្រុងព្យុងយ៉ាង កំណត់ពេលវេលានិងរបៀបវារៈ ដើម្បីអាចឱ្យកិច្ចសន្ទនាកូរ៉េខាងជើង-អាមេរិក បន្តឡើងវិញ។ អ្នកនាង Kim ក៏បានឆ្លៀតចោទប្រកាន់ផងដែរថា ការប្រកាន់ស្តង់ដារពីរ និងការប្រើអំណាចក៏ដូចជាធ្វើសកម្មភាពតាមតែអំពើចិត្តដោយមិនកោតក្រែងអ្នកដទៃរបស់អាមេរិកទៅវិញទេ ពោលគឺមិនមែនកម្មវិធីអភិវឌ្ឍវិស័យអវកាសរបស់ប្រទេសអ្នកនាងឡើយ ដែលបានបង្កការគំរាមកំហែងចំពោះសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់៕ ដោយធីរីណា
រូបថត:Sputnik