ខេត្តកោះកុង : សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា មានអ្នកខ្លះ បានចោទប្រកាន់ថារាជរដ្ឋាភិបាលកម្ពុជាថា «ប្រជាភិថុតិ» មិនធ្វើអ្វីមួយឱ្យពិតប្រាកដនោះទេ ប៉ុន្តែតាមការពិត រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារច្រើនណាស់ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនដែលប្រជាភិថុតិនោះទេ ឯអ្នកដែលប្រជាភិថុតិពិតប្រាកដ គឺអ្នកដែលញុះញង់ប្រជាពលរដ្ឋហើយរត់ទៅបាត់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈផ្លែផ្កានៃសុខសន្តិភាព ប្រជាពលរដ្ឋខ្មែរយើង ទើបតែបានសប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងទៅថ្មីៗនេះ ដែលការសប្បាយរីករាយទាំងអស់នេះ គឺជារឿងពិតប្រាកដ មិនមែនជាប្រជាភិថុតិនោះឡើយ។
ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលេចផងដែរថា ក្រៅពីផ្លែផ្កានៃសុខសន្តិភាព ប្រជាពលរដ្ឋខ្មែរ ក៏កំពុងទទួលបានផលជាច្រើនទៀតពីគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្តោតទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីមុន ភូមិសាស្ត្រស្រុកថ្មបាំង គឺជាកន្លែងលាក់ទ័ពក្នុងសម័យសង្គ្រាម និងជាកន្លែងវេទនាបំផុត។ ប៉ុន្ដែបច្ចុប្បន្នដោយកត្តាសុខសន្តិភាពរបស់ប្រទេសកម្ពុជា បានប្រែក្លាយស្រុកថ្មបាំងជាកន្លែងអភិវឌ្ឍន៍ មិនមែនជាកន្លែងលាក់ទ័ព ដើម្បីប្រយុទ្ធគ្នាទៀតនោះទេ។
ដូច្នេះក្នុងឱកាសថ្ងៃនេះ សម្ដេចធិបតី បានជំរុញឱ្យអគ្គិសនីកម្ពុជាធ្វើការ តបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ តាតៃលើ ឃុំជំនាប់ ឃុំប្រឡាយជាង ៦៦៣ គ្រួសារ និងអាចកើនលើសពីនេះ នាពេលខាងមុខឱ្យបានគ្រប់ខ្នងផ្ទះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានបន្តទទួលខុសត្រូវចំពោះពលរដ្ឋ និងប្រទេសជាតិលើអាទិភាពចំនួន ៣ គឺទី១ ជំរុញជីវភាពពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ទី២ ទទួលខុសត្រូវលើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យបានហ្មត់ចត់បញ្ចៀសរាល់ការប៉ះពាល់ និងទី៣ ទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ ៕
ដោយ : សិលា