ភ្នំពេញ : អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តបតាមការអញ្ជើញ របស់ លោក Numan KURTULMUS ប្រធានរដ្ឋសភានៃសាធារណរដ្ឋទួកគី និងជាប្រធានសភាអាស៊ី (APA) លោក វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិ APA នៅទីក្រុងអានតាលីយ៉ា នៃសាធារណរដ្ឋទួកគី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។
កិច្ចប្រជុំបានពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចសរុបចំនួន២៣ របស់គណៈកម្មា ធិការអចិន្ត្រៃយ៍ទាំងបួនរបស់ APA។ សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការគាំទ្រដោយឥតងាករេចំពោះប្រជាជន ប៉ាឡេស្ទីន ដែលជាសេចក្តីព្រាងសេចក្តីសម្រេចតែមួយគត់របស់គណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការនយោបាយ មិនត្រូវបានអនុម័តនោះទេ ដោយត្រូវលើកយកទៅពិភាក្សាបន្តទៀតនៅក្នុងកិច្ចប្រជុំបន្ទាប់នៃគណៈកម្មាធិការ អចិន្ត្រៃយ៍នេះ។ ចំណែក សេចក្តីព្រាងសេចក្តីសម្រេចផែនការថវិកា APA របស់គណៈកម្មាធិការថវិកា និង ផែនការត្រូវបានអង្គប្រជុំអនុម័ត ដោយបានឯកភាពទៅលើគោលការណ៍នៃការចូលរួមវិភាគទានក្នុងទំហំស្មើៗគ្នា ពីសភាសមាជិក APA សម្រាប់ទ្រទ្រង់ប្រតិបត្តិការរបស់លេខាធិការដ្ឋាន APA និងតម្រូវឱ្យលេខាធិការដ្ឋានធ្វើ បច្ចុប្បន្នភាពផែនការថវិការបស់ខ្លួន ដើម្បីកំណត់ចំនួនវិភាគទានឱ្យបានច្បាស់លាស់។ សេចក្តីព្រាងសេចក្តី សម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការសង្គមនិងវប្បធម៌ មានចំនួន១៥ និងគណៈកម្មាធិការអចិន្ត្រៃយ៍ សេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាព ចំនួន៧ ផ្សេងទៀត ត្រូវបានអនុម័តជាស្ថាពរ។ សេចក្តីព្រាងសេចក្តី សម្រេចទាំងអស់ដែលត្រូវបានអនុម័តខាងលើនឹងត្រូវដាក់ចូលក្នុងរបៀបវារៈនៃមហាសន្និបាត APA លើកទី១៤ ធ្វើ ការអនុម័តជាបន្តទៀត។
កិច្ចប្រជុំក៏បានអនុម័តលើរបៀបវារៈផ្សេងៗមួយចំនួនទៀតរួមមាន៖ ការគាំទ្រសភានៃសាធារណរដ្ឋអា ស៊ែរបៃហ្សង់ធ្វើជាប្រធាន APA សម្រាប់ឆ្នាំ២០២៤ ការបង្កើតក្រុមការងារពិភាក្សាលើបញ្ហាប៉ាឡេស្ទីន និងការ បង្កើតគណៈកម្មការកិច្ចការស្ត្រី APA ។
បន្ថែមពីលើការចូលរួមកិច្ចប្រជុំខាងលើ លោកប្រធានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានដឹកនាំ ជំនួបទ្វេភាគីដោយឡែកៗពីគ្នា ជាមួយ លោក Numan KURTULMUS ប្រធានរដ្ឋសភានៃសាធារណរដ្ឋទួកគឺនិង លោកបណ្ឌិត Mohammad Resa MAJIDI អគ្គលេខាធិការ APA។ ជំនួបខាងលើនេះ បាននាំមកនូវ វឌ្ឍនភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ លោកប្រធានរដ្ឋសភានៃសាធារណរដ្ឋទួកគឺ បានសំណូមពរជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មបន្ថែម ទៀតរវាងសភាទាំងពីរ កម្ពុជា-ទួកគី។ រីឯជំនួបដោយឡែក ឯកឧត្តមអគ្គលេខាធិការ APA បានកោតសរសើរពី អន្តរសកម្មភាពដ៏សកម្មរបស់សភាកម្ពុជា នៅក្នុងតួនាទីរបស់ខ្លួនជាមួយ APA និងសំណូមពរឱ្យសភាកម្ពុជាទទួល ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការសង្គមនិងវប្បធម៌ នៅក្នុងឆ្នាំ២០២៥ ខាងមុខ។ ចំពោះសំណើនេះ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានឯកភាពទទួលយកដើម្បីដាក់ជូន សម្តេចមហា រដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ពិនិត្យនិងសម្រេចដ៏ខ្ពង់ខ្ពស់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕
ដោយ : សិលា