ភ្នំពេញ : នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាពីយន្តការដោះស្រាយបញ្ហាទឹកជំនន់នៅទូទាំងប្រទេស ការកំណត់តំបន់អាទិភាពដោះស្រាយ និងយន្តការដោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញនិងឯកឧត្តម លលោកស្រី ថ្នាក់ដឹកនាំក្រសួងនីមួយៗ ផងដែរ។
ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានមានប្រសាសន៍ជម្រាបដល់កិច្ចប្រជុំអំពីស្ថានភាពទូទៅនៃជំនន់ក្នុងក្របខណ្ឌទូទាំងប្រទេសនាឆ្នាំកន្លងមក និងជំនន់ ក្នុងឆ្នាំ២០២៣ ដែលបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធទឹក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងរាំងស្ទះដល់សកម្មភាពសេដ្ឋកិច្ច និងស្ថានភាពទូទៅនៃជំនន់ស្ទឹងព្រែកត្នោត រួមជាមួយវិធានការចំពោះមុខ ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់។
ពាក់ព័ន្ធនឹងការកំណត់តំបន់ជន់លិចក្នុងអាងស្ទឹងនិងទន្លេ លោករដ្ឋមន្ត្រីបានប្រសាសន៍ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទី១) តំបន់ជំនន់លិចទឹកជាប្រចាំ ទី២)តំបន់លិចទឹកហើយ និងស្រកទៅវិញ និងទី៣)តំបន់លិចទឹកដោយសារការអភិវឌ្ឍផ្សេងៗ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបានកំណត់តំបន់លិចទឹកក្នុងអាងស្ទឹងព្រែកត្នោត ដើម្បីកាត់បន្ថយការលិចលង់ ដែលបង្កឱ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សកម្មភាពសេដ្ឋកិច្ច និងអាយុជីវិតប្រជាពលរដ្ឋ តាមបណ្ដាខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងខាងត្បូងរាជធានីភ្នំពេញ។
ជាចុងក្រោយ លោករដ្ឋមន្ត្រីបានលើកឡើងពីវិធានការហេដ្ឋារចនាសម្ព័ន្ធ ជាដំណោះស្រាយកាត់បន្ថយទឹកជំនន់ ១)បន្តអភិវឌ្ឍន៍អាងស្តុកទឹកនៅផ្នែកខាងលើ ២)បន្តស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់នៅផ្នែកខាងកណ្តាល និង ៣)បន្តស្តារ និងកសាង ហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់នៅផ្នែកខាងក្រោម រួមជាមួយវិធានការមិនមែនហេដ្ឋារចនាសម្ព័ន្ធ ធ្វើការពិភាក្សា និងទទួលយកនូវអនុសាសន៍ពីស្ថាប័នពាក់ព័ន្ធ។
សូមបញ្ជាក់ថា ស្ទឹងព្រែកត្នោតដែលមានប្រភពទឹកពីភ្នំខ្នងផ្សា ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មានផ្លូវទឹកធម្មជាតិប្រវែង ២៣២ គីឡូម៉ែត្រ គ្របដណ្តប់លើខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ ភ្ជាប់ជាមួយដៃស្ទឹងសំខាន់ៗ មួយចំនួនមានស្ទឹងតាសាល ស្ទឹងតាំងក្រាំង ស្ទឹងអារ៉ែង ស្ទឹងឃ្លៀច ស្ទឹងស្វាហាប់ ស្ទឹងស្រែខ្លុង និងអូរក្រាំងអំបិល និងមានអាងស្តុកទឹកមេចំនួន៦ កន្លែង ទំនប់អាងទឹកតាសាល អាងទឹកអូរកូនត្រុំ អាងទឹកពាមល្វា អាងទឹកអូរតោង អាងទឹកចាន់ថ្នាល និងអាងទឹកអូរស្យា៕
ដោយ : សហការី