ខេត្តព្រៃវែង ៖ ខែធ្លាក់ខ្យល់ត្រជាក់ អាចបង្កជាគុណវិបត្តិមួយចំនួនដល់រាងកាយយើងផ្នែកខាងក្រៅ ដូចជាស្បែកស្ងួត ស្បែកប្រែបែកស្រកាជាដើម។ យ៉ាងណាមិញ អាកាសធាតុចុះត្រជាក់នេះក៏បានផ្តល់គុណសម្បត្តិមួយចំនួនទៅផ្នែកខាងក្នុងនៃរាងកាយ ច្រើនសន្ធឹកសន្ធាប់។ នេះបើយោងតាមប្រភព. (Hello Health Group) ឬ Hello វេជ្ជបណ្ឌិត។
១. សីតណ្ហភាពត្រជាក់ជួយជម្រុញខួរក្បាលធ្វើការបានសកម្ម
សីតណ្ហភាពត្រជាក់ជួយឱ្យខួរក្បាលគិតបានលឿន និងច្បាស់លាស់។ តាមការពិសោធស្រាវជ្រាវបានបង្ហាញថា មនុស្សធ្វើកិច្ចការបានលទ្ធផលល្អប្រសើរ នៅពេលស្ថិតក្នុងបរិយាកាស ឬបន្ទប់ដែលមានសីតណ្ហភាពត្រជាក់ល្មម បើប្រៀបធៀបនឹង ពេលធ្វើការនៅក្នុងបរិយាកាសហប់ ក្តៅស្អុះស្អាប់។ ការសិក្សាផ្សេងទៀត បានបង្ហាញដែរថា សីតុណ្ហភាពក្តៅ ខួរក្បាលត្រូវការស្ករគ្លុយកូសពីរាងកាយច្រើន សម្រាប់បំពេញកិច្ចការ ផ្ទុយទៅវិញ ការងារប្រើខួរក្បាល នៅបរិយាកាសដែលមានសីតណ្ហភាពត្រជាក់ តម្រូវការគ្លុយកូសតិចតួចពីរាងកាយ មិនរំខានដល់ខួរក្បាលច្រើន ហើយការបំពេញការងារមានភាពស្រស់ស្រាយជាងមុន។
២. អាកាសធាតុត្រជាក់ជួយដុតបំផ្លាញកាល់ឡូរី
ពេលត្រជាក់ធ្លាក់ខ្យល់រងា រាងកាយធ្វើការច្រើនមុន ដើម្បីរក្សាសីតណ្ហភាពក្នុងខ្លួន ហេតុនេះវាត្រូវការថាមពលខ្លះ ដើម្បីរក្សាកម្តៅក្នុងខ្លួន ដែលថាមពលនោះគឺបានមួយចំណែកពីអាហារដែលយើងញ៉ាំ។
៣. បង្កើនសារធាតុខ្លាញ់ល្អក្នុងរាងកាយ (គ្រាប់ខ្លាញ់ពណ៌ត្នោត)
សារធាតុខ្លាញ់ពណ៌ត្នោត ជាប្រភេទខ្លាញ់ល្អក្នុងរាងកាយ ដែលជួយទាំងរក្សាកម្តៅក្នុងរាងកាយ និងជួយជម្រុញការរំលាយអាហារក្នុងខ្លួន។ ក្នុងការសិក្សា នៅពេលរាងកាយ ត្រូវនឹងបរិយាកាសត្រជាក់ មានការកើនឡើងសារធាតុ Mitochondria (សារធាតុខ្លាញ់ពណ៌ត្នោតល្អ) ច្រើន ជួយឱ្យរាងកាយដុតរំលាយអាហារបានសព្វល្អ។
៤. ខ្យល់ត្រជាក់ ជួយបន្ថយអាការៈហើមរលាក
តើអ្នកធ្លាប់ពិសោធមើលទេថា ដុំទឹកកកអាចជួយបន្ថយអាការៈហើម និងភាពឈឺចាប់ លើមុខរបួសបាន។ ដូចគ្នានេះដែរ ខ្យល់នៃអាកាសធាតុត្រជាក់ ប្រៀបដូចទៅនឹងទឹកកកធម្មជាតិ ដែលជួយឱ្យដំណើរហើម បានធូរស្បើយ ពិសេសត្រង់សន្លាក់ដៃជើង។
៥. ជួយឱ្យគេងលក់ស្កប់ស្កល់ មិនងាយឈឺ
សីតុណ្ហភាពក្នុងរាងកាយជាធម្មតានឹងចុះត្រជាក់ នៅពេលយើងព្យាយាមគេងឱ្យបានលក់។ ដំណើរការនេះ ត្រូវការប្រើពេលច្រើននៅខែក្តៅ តែពេលខែធ្លាក់ខ្យល់រងា ដំណើរការនេះរហ័សជាងមុន ដោយគួបផ្សំពីអាកាសធាតុត្រជាក់ពីខាងក្រៅ ជួយឱ្យឆាប់គេងលក់។ បន្ថែមពីនេះ សីតណ្ហភាពត្រជាក់ជួយឱ្យរាងកាយយើងដុតរំលាយកាល់ឡូរីបានល្អ ថែមទាំងជួយជម្រុញឱ្យប្រព័ន្ធស៊ាំសកម្ម ប្រឆាំងនឹងជំងឺស្រាលៗ មិនងាយឈឺ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕