ភ្នំពេញ៖ យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទើបទទួលបាននៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ ស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
ជាក់ស្ដែងនៅក្នុងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយបានចាត់តាំងសមាជិក សមាជិកា រាជរដ្ឋាភិបាល និងមន្ត្រីរាជការតាមក្រសួង ស្ថាប័ន ជាសមាសភាពក្នុងក្រុមការងារនេះជាបន្តបន្ទាប់ សំដៅចូលរួម គាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់ រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា និងចូលរួម បំផុសចលនាឱ្យមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការកសាងអភិវឌ្ឍប្រទេសជាតិឱ្យមាន ការរីកចម្រើនលើគ្រប់វិស័យ។
ផ្អែកលើសមិទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ ដំណាក់កាល នារយៈពេល២៥ឆ្នាំ កន្លងមក រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ និងបានសម្រេចបន្តចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ឱ្យបានសកម្មផុលផុសនៅតាមមូលដ្ឋាន ដើម្បីរួមគ្នាបន្តជំរុញ ការអភិវឌ្ឍប្រទេសជាតិឱ្យឈានចូលដំណាក់កាលថ្មី សំដៅឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការចុះបំពេញការងារនៅតាមមូលដ្ឋាននានា រាជរដ្ឋាភិបាលកំណត់អំពី តួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដូចខាងក្រោម៖
I,តួនាទី ភារកិច្ច
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមានតួនាទីតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាព ស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ផ្អែកលើតួនាទីខាងលើនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមានភារកិច្ចសំខាន់ៗដូចខាងក្រោម៖
១,លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដោយ ត្រូវសហការធ្វើការផ្សព្វផ្សាយដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋនៅមូលដ្ឋានអំពីកម្មវិធី នយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ កម្មវិធីកំណែទម្រង់ និងវិធានការនានា របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានានៅមូលដ្ឋាន។
២,ត្រូវសហការគាំទ្រដល់មូលដ្ឋានដែលក្រុមការងារចុះបំពេញការងារ ធ្វើការវាយតម្លៃអំពីសមត្ថភាព ស្ថាប័ន ធនធានមនុស្ស និងសក្តានុពលនៃការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ដើម្បីធ្វើការគាំទ្រដល់មូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅជំរុញ ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានានៅមូលដ្ឋានឱ្យ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
៣,ជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាព ជំនាញ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋានក្នុងការបំពេញការងារស្របតាមតួនាទីសមត្ថកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព។
៤,សហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ តាមមូលដ្ឋាន ដើម្បីស្វែងយល់ដោយផ្ទាល់នូវកង្វល់ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីសហការជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច ធ្វើការដោះស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានជាធរមាន។
៥,សហការគាំទ្រ និងចូលរួមធ្វើអន្តរាគមន៍ដល់មូលដ្ឋាននៅពេលមានគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាត ឬគ្រោះថ្នាក់ផ្សេងៗ ដើម្បីការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋ។
៦, កៀរគរធនធាន មធ្យោបាយ សម្ភារពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍ មូលដ្ឋាន ការកសាងសមិទ្ធផលសង្គម និងការដោះស្រាយឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
៧,បំពេញភារកិច្ចផ្សេងៗទៀតតាមការណែនាំរបស់រាជរដ្ឋាភិបាល។
II ;របៀបរបបការងារ
១,ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ត្រូវមានការទទួលខុសត្រូវដឹកនាំ ណែនាំ និងត្រួតពិនិត្យសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់នៃរាជធានី ខេត្ត នីមួយៗ។
២, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវមានការទទួលខុសត្រូវ ក្នុងការដឹកនាំ និងចាត់ចែងអនុវត្តការងារចុះមូលដ្ឋានក្នុងក្រុមការងាររបស់ខ្លួន ផ្អែកតាមការណែនាំរបស់ រាជរដ្ឋាភិបាល និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត។
៣;អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននីមួយៗ ត្រូវបំពេញការងារតាម ការចាត់តាំង ការប្រគល់ភារកិច្ច និងចូលរួមប្រជុំតាមការកំណត់របស់ប្រធានក្រុមការងារ។
៤,រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ននានា ត្រូវប្រគល់ភារកិច្ចជូនអង្គភាពជាក់លាក់ណាមួយ ឬអាច រៀបចំឱ្យមានមន្ត្រីបង្គោលក្នុងក្រសួង ស្ថាប័នសាមី ដើម្បីធ្វើជាសេនាធិការក្នុងការសម្របសម្រួលសកម្មភាព ការងារចុះមូលដ្ឋាន និងបូកសរុបសកម្មភាពតំណាងក្រសួង ស្ថាប័នរបស់ខ្លួន ដែលបានចូលរួមក្នុងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានានៅមូលដ្ឋានដែលពាក់ព័ន្ធ សមត្ថកិច្ចក្រសួង ស្ថាប័នសាមី។
៥. ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ត្រូវណែនាំដល់អភិបាលនៃគណៈអភិបាល រាជធានី ខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ដើម្បីរៀបចំបង្កើតនូវលេខាធិការដ្ឋានសម្រាប់ធ្វើជា សេនាធិការដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលស្ថិតក្នុងសាលារាជធានី ខេត្ត និងសាលាក្រុង ស្រុក ខណ្ឌនីមួយៗ។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ សង្កាត់ ត្រូវសហការជាមួយរដ្ឋបាលឃុំ សង្កាត់សាមីធ្វើការ ចាត់តាំងមន្ត្រីបង្គោល ដើម្បីធ្វើជាសេនាធិការក្នុងសកម្មភាពការងារចុះមូលដ្ឋាន។
៦. ក្នុងការចុះបំពេញការងារនៅមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានពុំមានតួនាទី ឬសិទ្ធិ សម្រេចកិច្ចការជំនួសក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញនានាឡើយ។ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន អាជ្ញាធរ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញនានា ត្រូវមានការទទួលខុសត្រូវលើកិច្ចការ នានាដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៧. ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននីមួយៗ ត្រូវចាត់ឱ្យអនុប្រធាន ឬសមាជិកក្រុមការងារ ដែលជាតំណាងក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ សហការសម្របសម្រួលក្នុងក្រសួង ស្ថាប័នសាមី ឬអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការដោះស្រាយនូវបញ្ហាប្រឈម សំណើ សំណូមពរនានារបស់មូលដ្ឋាន និងត្រូវធ្វើ ការតាមដាន ត្រួតពិនិត្យ និងជំរុញសកម្មភាពដោះស្រាយបញ្ហាទាំងនោះ ដោយផ្អែកលើច្បាប់ លិខិតបទដ្ឋាន គតិយុត្ត គោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាល។ ករណ៏មិនអាចដោះស្រាយបាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត អាចជួបពិភាក្សា ឬស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័នពាក់ព័ន្ធដើម្បី ចាត់វិធានការដោះស្រាយស្របតាមសមត្ថកិច្ចនៃក្រសួង ស្ថាប័ននីមួយៗ។ ករណីនៅតែមិនអាចដោះស្រាយបាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ត្រូវបញ្ជូនមកលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ដើម្បីធ្វើការបូកសរុបរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។
៨,ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាចអញ្ជើញអាជ្ញាធរ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពពាក់ព័ន្ធនានានៅមូលដ្ឋាន ចូលរួមប្រជុំពិភាក្សាការងារតាមការចាំបាច់។
៩,ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ ត្រូវកំណត់របបប្រជុំ និងធ្វើរបាយការណ៍បូកសរុប លទ្ធផលការងារយ៉ាងតិចមួយត្រីមាសម្តង ព្រមទាំងអាចកោះប្រជុំតាមការចាំបាច់ និងធ្វើរបាយការណ៍មក លេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល។
III. អំពីការចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
១. ផ្អែកលើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្តនីមួយៗ ត្រូវពិគ្រោះពិភាក្សារៀបចំចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ក្នុងរាជធានី ខេត្តសាមី ដោយសេចក្តីសម្រេចរបស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្តនីមួយៗឱ្យ បានរួចរាល់យ៉ាងយូរត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៣។
២. ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ សង្កាត់នីមួយៗ ត្រូវពិគ្រោះពិភាក្សា ដើម្បីបែងចែកសមាសភាពក្រុមការងារឱ្យចុះទទួលតាមភូមិនានាក្នុងឃុំ សង្កាត់ ស្នើមកប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌសាមី ដើម្បីពិនិត្យ និងសម្រេចចាត់តាំងក្រុមការងារចុះតាមភូមិក្នុង ឃុំ សង្កាត់នីមួយៗតាមការចាំបាច់ ឱ្យបានរួចរាល់យ៉ាងយូរត្រឹមដំណាច់ខែមករា ឆ្នាំ២០២៤។
៣.
រាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើជាសេនាធិការជូននាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលកិច្ចការរបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តសេចក្តីណែនាំនេះឱ្យមាន ប្រសិទ្ធភាព៕ដោយ៖សហការី