ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្ត ក្នុងល្បឿនលឿនតាមមកដោយផ្លូវ៦០ម៉ែត្រ បានជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូក្រឡាប់ផ្ងារជើង ចំណែករថយន្តបង្កបានជ្រុលចង្កូតទៅ
បុកបង្គោលភ្លើងបាក់មួយដើមទៀតទើបទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១១និង ៣០ នាទីយប់ថ្ងៃទី០១ខែធ្នូឆ្នាំ ២០២៣ ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើកម៉ូតូសណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 1K-2432បើកបរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូង ខណៈបើកដល់ចំណុចកើតហេតុខាងស្រាប់តែមានរថយន្ត ម៉ាកតូយ៉ូតា កាមរីបាឡែន ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2AJ-3361 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បើកស្របទិសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿន បានជ្រុលទៅបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉កពេញទំហឹងប៉ើងក្រឡាប់ផ្ងារជើង ហើយរថយន្តបង្កមិនទាន់អស់ល្បឿន បន្តទៅបុកបង្គោលភ្លើងមួយដើមទៀត បណ្ដាលឲ្យបាក់រាបដល់ដីទើបរថយន្ត ទៅមុខលែងរួច។សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ ទៅដល់មនុស្សធ្ងន់ធ្ងរនោះទេ ខូចខាតតែសម្ភារៈនិងបង្គោលភ្លើងរដ្ឋមួយដើមតែប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុដោយភាគីទាំងសងខាង សម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង ធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូសណ្ដោងរ៉ឺម៉ក ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕