ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាក Ford Raptor មួយគ្រឿង ជ្រុលបុករថយន្តក្រុមហ៊ុនដឹកជញ្ជូនកាពីតូល ពីក្រោយបណ្ដាលឲ្យរងការខូចខាត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង ១០ នាទីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៣ នៅត្រង់ចំណុចមុខខាងកោសជប់ មួយកន្លែងតាមបណ្តោយផ្លូវ ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្តកូរ៉េឃ្លុបមួយគ្រឿងក្រុមហ៊ុនដឹកជញ្ជូនកាពីតូល ពណ៌សពាក់ស្លាកលេខភ្នំពេញ2BP-7125ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបង្អង់ល្បឿនតិចៗខណៈដែលមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបើកនៅខាងមុខឈប់បង្ខំរវល់តែមើលករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងទៀត ធ្វើឲ្យរថយន្តកូរ៉េក្រុមហ៊ុនដឹកជញ្ជូនកាពីតូល ចាប់ហ្វ្រាំងបង្ខំឈប់ក៏បានបុកប៉ះជាមួយម៉ូតូកង់បីឥណ្ឌាបន្តិចបន្តួច ស្របពេលនោះក៏មានរថយន្តស៊េរីទំនើបម៉ាក Ford Raptor មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខពោធិ៍សាត់2F-9099បើកបរដោយបុរសម្នាក់រួមដំណើរនឹងស្ត្រីម្នាក់ទៀត ធ្វើដំណើរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តកូរ៉េក្រុមហ៊ុនដឹកជញ្ជូនកាពីតូលពីក្រោយខាងឆ្វេងពេញទំហឹង សំណាងល្អរថយន្តក្រុមហ៊ុនកាពីតូខូចខាតបន្តិចបន្តួចចំណែករថយន្ត Ford Raptor បែកចង្កៀងខាងមុខខាងឆ្វេងខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយខាងភាគី Ford Raptor បានទាមទារសំណងពីរខាងរថយន្តក្រុមហ៊ុនកាពីតូល ក្រោយមកក៏មានតំណាងក្រុមហ៊ុនកាពីតូនិងក្រុមហ៊ុនធានារ៉ាប់រងចុះមកដល់កន្លែងកើតហេតុ រកតែសម្របសម្រួលគ្នាមិនទាន់ ស្រាប់តែខាងភាគីរថយន្ត Ford Raptor បើកចេញទៅបាត់មិនចាំយកសំណង ឲ្យធ្វើប្រជាពលរដ្ឋនៅកន្លែងកើតហេតុមានការងឿងឆ្ងល់និងហួសចិត្តគ្រប់ៗគ្នា៕