សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធទិវាជនមានការពិការភាពនេះ គឺដើម្បីរំលឹកពីមហាវិនាសកម្មដែលកើតឡើងដោយសារសង្រ្គាម

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» នៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាជនមានការពិការភាពនេះ ធ្វើឡើងដើម្បីរំលឹកពីមហាវិនាសកម្មដែលកើតឡើងដោយសារសង្រ្គាម ជាពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនរួមមាន ស្រ្តីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបន្សល់នូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្រ្គាមរាប់លានតោន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះជាសោកនាដកម្មមួយដែលបានកើតឡើងចំពោះប្រជាជនកម្ពុជា និងរងគ្រោះពីការទម្លាក់គ្រាប់បែករាប់លានតោន ហើយធ្វើឱ្យរបួសពិការស្លាប់រាប់លាននាក់ ដោយគ្មានការទទួលខុសត្រូវ ហើយបន្ទុកទាំងអស់បានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជានៅក្នុងសម័យនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ឱ្យ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធ សារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីមនុស្សគ-ថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល រួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាព ឱ្យទទួលបានបណ្ណបើកបរស្របតាម លទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print