ប្រទេសឡាវ : សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង លោក SONEXAY SIPHANDONE នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្តេជ្ញារួមគ្នាថា នឹងខិតខំផ្សារភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរឱ្យបានកាន់តែទូលំទូលាយ មានលក្ខណៈកាន់តែងាយស្រួល ដើម្បីចូលរួមលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យកាន់តែមានកម្រិតខ្ពស់ឡើង។
ការប្តេជ្ញាបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចរដ្ឋសភាធិបតី បានចូលជួបសម្តែងការគួរសមជាមួយ លោកនាយករដ្ឋមន្រ្តីឡាវ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពេលដែលសម្តេចប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឡាវ ដែលបានគំាទ្រលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ។ សម្តេចបានបន្តថា លទ្ធផលនៃការបោះឆ្នោតនីតិកាលទី៧នេះ ជាលទ្ធផលបោះឆ្នោតប្រវត្តិសាស្រ្ត ដែលមានពលរដ្ឋយ៉ាងច្រើនលើសលប់បានចេញទៅបោះឆ្នោត និងបានគំាទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសដែលលទ្ធផលនេះបានធ្វើជាមូលដ្ឋានដ៏រឹងមាំ អនុញ្ញាតឱ្យឥស្សរជនថ្នាក់ដឹកនាំជំនាន់មុន គឺ សម្តេចតេជោ ហ៊ុន សែន ផ្ទេរអំណាចជូនឥស្សរជនជំនាន់ក្រោយ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលពោរពេញដោយសមត្ថភាព ថាមពល និងមានសីលធម៌ខ្ពស់ ធ្វើជានាយករដ្ឋមន្រ្តីក្នុងការដឹកនាំប្រទេសជាបន្ត។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងឡាវ បានពូនជ្រំដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់ ហើយថ្មីៗនេះ បានឈានដល់កម្រិត ដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយគង់វង្សយូរអង្វែង។ សម្តេចបានលើកឡើងបន្តថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ មិនត្រឹមបង្កើតបាននូវសុខដុមរមនារវាងប្រជាជាតិ មានភូមិផងរបងជាប់គ្នានេះទេ តែបាននាំមកនូវវិបុលភាព ស្ថិរភាពសង្គម និងការពង្រឹងគោលការណ៍ពហុនិយមដល់តំបន់និងសកលលោក ថែមទៀតផង។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ទំហំពាណិជ្ជកម្មនៃប្រទេសទំាងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់គឺពី១៦០លានដុល្លារ កាលពីឆ្នាំ២០២២ ឈានដល់២០៦លានដុល្លារ នៅត្រឹមរយៈពេល៦ខែ ក្នុងឆ្នាំ២០២៣នេះ។ ឡាវជាប្រទេសដែលមានសក្កានុពលខាងថាមពលអគ្គិសនី ដែលកម្ពុជាក៏មានតម្រូវការថាមពលនេះច្រើនដែរ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោក SONEXAY SIPHANDONE បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅក្នុងប្រទេសឡាវថា ពិតជាមានសារៈសំខាន់ នៅក្នុងការពូនជ្រំនិងលើកកម្ពស់ កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំស៊ីជម្រៅនៅលើគ្រប់វិស័យ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ឯកឧត្តមនាយករដ្ឋមន្រ្តី បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានគូសបញ្ជាក់ថា ក្នុងពេលបានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅពេលអញ្ជើញទៅចូលរួមវេទិកានៅក្រៅប្រទេសកាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំប្រទេសទំាងពីរបានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការបន្តនិងលើកកម្ពស់ពង្រឹងពង្រីកចំណងមិត្តភាពជាប្រពៃណីឱ្យកាន់តែសម្រេចបាននូវលទ្ធផលច្រើនឡើងថែមទៀត ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរបន្ថែម។
លោកបានគូសបញ្ជាក់ថា ទោះបីប្រទេសឡាវបានកំពុងជួបបញ្ហាខ្លះៗ លើផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែរដ្ឋនិងបក្សឡាវ បានដាក់ចេញនូវកម្មវិធីមួយចំនួនក្នុងការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព។ ឆ្នាំ២០២៤ខាងមុខ ជាឆ្នាំទេសចរណ៍របស់ប្រទេសឡាវ សង្ឃឹមថាមានអ្នកទេសចរបរទេសជាច្រើននឹងចូលមកកម្សាន្តនៅឡាវ ចូលរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង៕