ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបសម្តែងការគួរសមរវាង លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ជាមួយ លោក FANG Chunming អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា លោក កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូគណៈកម្មាធិការកណ្ដាលសភាប្រជាជនខេត្ត ក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក FANG Chunming អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៣។
នៅក្នុងជំនួបសម្តែងការគួរសមនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្វាគមន៍យ៉ាងកក់ក្តៅ និងមានក្តី សោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះដំណើរទស្សនកិច្ចរបស់ លោក FANG Chunming និងសហការីនៅកម្ពុជា។ លោក កិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បីពង្រឹងសាមគ្គីភាព និងកិច្ច សហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈទៅវិញទៅមកនៃសភាប្រជាជនចិន ក៏ដូចជាសភាប្រជាជនខេត្តក្វាងស៊ី និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀត អំពីសារៈសំខាន់នៃទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដែលមហាមិត្តចិនជាប្រទេសដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបរបស់កម្ពុជា។
លោក កិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្ដីទី បានបង្ហាញនូវក្តីរីករាយបំផុត ដែលប្រទេសកម្ពុជា និងមិត្តចិន មាន ចំណងមិត្តភាពកាន់តែរឹងមាំ និងស៊ីជម្រៅឈានឡើងមួយកម្រិតពីមិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការត្បូងពេជ្រ និងយល់ចិត្តថ្លើមគ្នា ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន បានប្តេជ្ញាខិតខំរួមគ្នាជំរុញ ការកសាងសហគមន៍ជោគវាសនាតែមួយ និងជំរុញការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងថែមទៀតក្នុងបណ្តាឆ្នាំ ខាងមុខ។
លោក កិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេង ដែលរដ្ឋាភិបាល និង ប្រជាជនចិនសម្រេចបានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងយ៉ាងឆាប់រហ័ស។
លោក FANG Chunming អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋ ប្រជាមានិតចិន និងជាប្រធានគណៈប្រតិភូសភាប្រជាជនខេត្តក្វាងស៊ី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរដ្ឋសភា កម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាប្រជាជនខេត្តក្វាងស៊ីនាពេលនេះ និងថា ចិននិងកម្ពុជា ជាបងប្អូនដ៏ល្អ និងជាមិត្តដែកថែប។ កន្លងមកថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ចិន-កម្ពុជាបានជំរុញលើកកម្ពស់ ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅឈានឡើងមួយកម្រិតពីមិត្តភាព ដែកថែប ទៅជាមិត្តភាពក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងយល់ចិត្តថ្លើមគ្នា ដោយរដ្ឋាភិបាលនៃប្រទេស ទាំងពីរកម្ពុជា-ចិន បានប្ដេជ្ញាខិតខំរួមគ្នាក្នុងការជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ។ លោក FANG Chunming ក៏បានមានប្រសាសន៍លើកឡើងពីកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម រវាងចិន និងកម្ពុជា ដែលមានការរីកចម្រើនឡើងជាលំដាប់ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានចុះអនុស្សរណៈស្តីពីការ កសាងសួនឧស្សហកម្មកម្ពុជា-ចិន នៅទីក្រុងប៉េកាំងផងដែរ។ ក្រៅពីនេះ លោកប្រធានគណៈប្រតិភូសភាប្រជាជនចិន ខេត្តក្វាងស៊ី ក៏បានលើកឡើងផងដែរ អំពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិស័យសុខាភិបាល រវាងចិន និងកម្ពុជា ជាពិសេសរវាងកម្ពុជា ជាមួយខេត្តក្វាងស៊ី និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរចិន-កម្ពុជា ដែលផ្តោតលើវិស័យវប្បធម៌ និងការអប់រំជាដើម។
លោក កិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្ដីទី បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូសភាប្រជាជនខេត្ត ក្វាងស៊ី បន្ថែមថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាប្រជាជន ចិនទូទាំងប្រទេស ក៏ដូចជាមួយសភាប្រជាជនខេត្តក្វាងស៊ីដោយផ្ទាល់ ដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែល ត្រូវបានកសាងយ៉ាងរឹងមាំ ដោយថ្នាក់ដឹកនាំជំនាន់មុនៗឱ្យកាន់តែប្រសើរឡើង និងស្ថិតស្ថេរយូរអង្វែងតទៅទៀត។
លោក កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្នើដល់ខេត្តក្វាងស៊ីជួយគាំទ្រកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យ មួយសម្រាប់គ្រប់គ្រងធនធានធម្មជាតិ ដើម្បីជំរុញ ច្រករបៀងមច្ឆានិងអង្គរ ពីព្រោះខេត្តក្វាងស៊ីជាខេត្តមួយដែលមានប្រព័ន្ធ គ្រប់គ្រងទិន្នន័យយ៉ាងល្អសម្រាប់ពាណិជ្ជកម្ម និងភស្តុភារកម្មជាមួយអាស៊ីអាគ្នេយ៍ ក៏ដូចជាការភ្ជាប់មេត្រីភាពរវាងខេត្ត ផ្សេងទៀតរបស់កម្ពុជា និងខេត្តក្វាងស៊ី ដូចជាខេត្តកំពង់ធំជាដើម ដែលជាទីតាំងដ៏សំខាន់សម្រាប់ច្រករបៀងមច្ឆានិងអង្គរ។ ទន្ទឹមនឹងនេះ លោក កិត្តិសេដ្ឋាបណ្ឌិត ក៏បានស្នើដល់មិត្តចិន ជាពិសេសអង្គការសង្គមស៊ីវិលនៅខេត្តក្វាងស៊ី សូមពិនិត្យ លទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃសង្គមស៊ីវិលទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន និង នៅតាមតំបន់ជនបទនៅកម្ពុជា សំដៅលើកកម្ពស់ជីវភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌនៃសហគមន៍ ជោគវាសនាតែមួយ។
ជាចុងបញ្ចប់ លោក FANG Chunming បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់នា ឱកាសនេះ ហើយ លោកក៏បានសូមគោរពអញ្ជើញ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំគណៈប្រតិភូទៅបំពេញ ទស្សនកិច្ចនៅប្រទេសចិន តាមពេលវេលាសមស្របណាមួយ នាពេលខាងមុខ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕
ដោយ ៖ សបការី