រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ត ព្រមទាំងផ្តល់អនុសាសន៍ផ្សេងៗដើម្បីឱ្យការអនុវត្តការងារកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់អង្គភាពថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នក្នុងការអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទាំងការប្រើប្រាស់ធនធានមនុស្ស សម្ភារៈ និងថវិកា ឱ្យបានសមស្របទៅតាមតម្រូវការជាក់ស្តែង និងពង្រឹងការកែលម្អសេវាសង្រ្គោះបន្ទាន់ គុណភាពសេវា ប្រពោធនកម្ម ព្រមទាំងវះកាត់ឱ្យបានល្អ។ លោករដ្ឋមន្ត្រី បានបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់ឱសថ ត្រូវរៀបចំផែនការជាក់ស្តែងទៅតាមប្រភេទជំងឺដែលកើតមាននៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ព្រមទាំងស្រង់ប្រភេទជំងឺនៃការប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវតាមតម្រូវការជាក់ស្តែង ហើយចំពោះតម្រូវការបុគ្គលិកនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ត្រូវពិនិត្យ និងសិក្សាអំពីតម្រូវការតាមជំនាញ និងចំនួនឱ្យបានច្បាស់លាស់ មុននឹងរៀបចំផែនការស្នើសុំ។

ដើម្បីឱ្យការអនុវត្តការងារកាន់តែល្អប្រសើរក្នុងនោះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានផ្ដោតទៅលើការពង្រឹងវត្តមានមន្ត្រីរាជការ ហើយប្រធានអង្គភាពត្រូវចុះសួរសុខទុក្ខមន្ត្រីរាជការនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យបានញឹកញាប់ ដើម្បីធ្វើការគាំទ្រ លើកទឹកចិត្ត និងបង្កើតមនោសញ្ចេតនាដោយទុកដូចជាកូនជាចៅ។  បន្ថែមលើសពីនេះរាល់ការបម្រើសេវាទាំងថ្នាក់កណ្តាល និងរាជធានី-ខេត្ត ធ្វើយ៉ាងណាឱ្យល្អប្រសើរស្របតាមគោលការណ៍ក្នុងការផ្តល់សេវាសុខាភិបាល ដោយត្រូវយកចិត្តទុកដាក់ឱ្យបានឆាប់រហ័ស រួសរាយរាក់ទាក់ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា លោកអគ្គនាយក និងអគ្គាធិការ ព្រមទាំងបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំមានមតិយោបល់ និងរាយការណ៍វឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ដើម្បីលើកទិសដៅការងារបន្ត និងបង្កើនប្រសិទ្ធិភាពការងារបន្ថែមទៀត ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print