មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តរតនគិរី ផ្សព្វផ្សាយប្រកាសតំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្រុកបរកែវ

ចែករំលែក៖

ខេត្តរតនៈគិរី÷ពិធីនេះបានរៀបចំធ្វើឡើងនៅសាលា ឃុំឡាមិញព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ក្រោមអធិបតីភាពលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តនិងជាប្រធានគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។

លោក ទឹម មុនីរតន៍ អនុប្រធានមន្ទីររៀបចំដែនដី នគរូប នីយកម្ម សំណង់និងសុរិយោដី ខេត្តរតនគិរី  បានលើក ឡើងថា ការប្រកាសតំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធ គឺជាការជូនដំណឹងដល់ម្ចាស់ក្បាល ដីទាំងអស់ឲ្យត្រៀមលក្ខណៈ ក្នុងការរៀបចំឯកសារការ ចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ ដែលស្របទៅនឹងច្បាប់។

ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងភូមិដែលបានចូលរួមនាឱកាសនេះលោកខ័ណ្ឌ ចំណាន បានសម្ដែងនូវការកោត សរសើរវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងបានថ្លែងអំណរគុណដល់អាជ្ញាធរក្រុង ស្រុក អាជ្ញាធរឃុំ ដែលបានចូលរួមអនុវត្ត ការងារកន្លងមកបានយ៉ាងល្អប្រសើរ។លោកអភិបាលរងខេត្ត ក៏បានសម្ដែងនូវការអបអរសាទរ ចំពោះប្រជាពលរដ្ឋ ក្នុងស្រុកបរកែវ ជាពិសេសភូមិកាម្មាំង ឃុំឡាមិញ ស្រុកបរកែវ ដែលត្រូវបានក្រុមការងារចុះបញ្ជីដីធ្លីបានមកអនុវត្តការងារចុះបញ្ជីដីធ្លីជូនបងប្អូន ក្នុងគោលដៅការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ការធានាសិទ្ធិស្របច្បាប់ ភាពច្បាស់លាស់នៃការកាន់កាប់ ការកំណត់ព្រំប្រទល់ដីនិងផលប្រយោជន៍ជាច្រើនទៀត។

លោក ខ័ណ្ឌ ចំណាន បានស្នើដល់អាជ្ញាធរស្រុក និងអាជ្ញាធរឃុំ អាជ្ញាធរភូមិ សូមចាត់មន្ត្រីចូលរួមឱ្យបានសកម្មជាមួយក្រុមការងារ ហើយរាល់ឯកសារផ្សេងៗ ដែលគាំទ្រការចុះបញ្ជីដូចជាលិខិតបញ្ជាក់ដី សំបុត្រ បញ្ជាក់កំណើត សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ លិខិតបញ្ជាក់មរណៈភាព លិខិតបញ្ជាក់លីវ និងឯកសារផ្សេងទៀត ត្រូវសម្រួលពន្លឿនជូនប្រជាពលរដ្ឋ។ ចំពោះប្រជាពលរដ្ឋ ត្រូវចូលរួមឱ្យបានសកម្មជាមួយក្រុម ការងារ ដើម្បីបោះបង្គោលកំណត់បង្ហាញព្រំដីឱ្យបានច្បាស់លាស់ យកឯកសារមកជូនមន្ត្រីសុរិយោដី ដើម្បីបំពេញទិន្នន័យ និងចូលរួមសកម្មភាពផ្សេងៗទៀត ក្នុងគោលដៅពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានឆាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print