ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីជួបជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយមានតំណាងគណបក្សនយោបាយចំនួន ២៩ ចូលរួម នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ៖ ការបង្កើត ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គឺមានគោលបំណង លើកស្ទួយ របប នយោបាយ ប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈ ពហុគំនិត ជា ប្រយោជន៍ដល់ការស្ថាបនាជាតិ។ បក្សនយោបាយទាំងអស់ ដែលចុះបញ្ជីត្រឹមត្រូវអាច ចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដាល់យោបល់បាន ដើម្បីរួមគ្នាពិគ្រោះ និងផ្ដល់យោបល់ដល់រាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ បម្រើ ពលរដ្ឋ និងអភិវឌ្ឍសង្គមជាតិ។ នេះបើតាមព្រះរាជក្រឹត្យ ដែលមាន៧ជំពូក និង២១មាត្រា។ ប្រតិភូគណបក្សនយោបាយនីមួយៗ មានសិទ្ធិពេញលេញ ក្នុងការចុះតាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅជួយរកឱ្យយើងនូវភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងការរំលោភបំពាន អំណាចពីសំណាក់បុគ្គលជាមន្ត្រី ឬអាជ្ញាធរគ្រប់ផ្នែក និងគ្រប់ថ្នាក់ ៕