ខេត្តកំពង់ឆ្នាំង៖ ម៉ូតូចំនួន២៥គ្រឿងដែលពុំមានឯកសារត្រឹមត្រូវបានដកហូត និងមុខសញ្ញាឆបោកម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោយពេលសមត្ថកិច្ចបានចុះធ្វើការឆែកឆេរ នៅហាងបញ្ចាំម៉ូតូមួយកន្លែង ស្ថិតនៅក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃតី៨ ខែកក្កដា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះឆែកឆេរផ្ទះបញ្ចាំម៉ូតូនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ អឿន វណ្ណះ ហៅតាប់ ដែលជាមុខសញ្ញាឆបោកម៉ូតូ រស់នៅភូមិត្រពាំងស្មាច់ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ដែលជនសង្ស័យនេះបានឆបោកម៉ូតូពីមិត្តភក្តិរបស់ខ្លួនចំនួន២ករណី ដែលលើកទី១បានឆបោកយកម៉ូតូរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ រួចយកម៉ូតូមកដាក់បញ្ចាំផ្ទះ ឯម សុខា យកលុយទៅស៊ីចាយនៅភ្នំពេញអស់ និងលើកទី២នេះឆបោកម៉ូតូម៉ាកហុងដាឌ្រីម បានពីឈ្មោះ ប៊ុន ចាន់រ៉ុង គេក៏បានយកមកដាក់បញ្ចាំនៅផ្ទះឈ្មោះ ឯម សុខា ខាងលើនេះដដែល យកប្រាក់បាន១៥០ដុល្លាទៅស៊ីចាយ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមរយៈការស្រាវជ្រាវ របស់សមត្ថកិច្ចនៃពាក្យបណ្តឹងរបស់ជនរងគ្រោះ បានស្រាវជ្រាវទើបដឹងថា ជនសង្ស័យបានឆបោកម៉ូតូយកមកបញ្ចាំផ្ទះឯម សុខា ក្រោយពីធ្វើការស្រាវជ្រាវហើយសមត្ថកិច្ចបានសុំដីកាព្រះរាជអាជ្ញា ដើម្បីចុះឆែកឆេរ និងបានរកឃើញម៉ូតូចំនួន២៥គ្រឿងដែលពុំមានឯកសារត្រឹមត្រូវ ហើយត្រូវបានចាប់យកមកទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ពិតប្រាកដ ។
ចំពោះជនសង្ស័យជាមុខសញ្ញាឆបោកម៉ូតូនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ។
ករណីនេះមហាជនកំពុងរង់ចាំមើលថា តើម្ចាស់ហាងបញ្ចាំម៉ូតូមួយនេះ នឹងត្រូវធ្វើតាមនីតិវិធីបែបណា ឬគ្រាន់តែកៀងត្រីឲ្យចូលទ្រូ រួចលែងត្រីនេះទៅវិញ ព្រោះថា ទីតាំងបញ្ចាំម៉ូតូមួយកន្លែងនេះ អាចនិយាបានថា ទទួលបញ្ចាំរបស់របរចោរកម្ម ដែលឆបោកពីកន្លែងផ្សេងយកមកបញ្ចាំ ដែលទាក់ទងទទួលផលចោរកម្ម ៕
ដោយ៖ យឹម សុថាន