ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកល្វាឯម ចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង៩ និង៣៥នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចខាងមុខវត្តសំពោង ស្ថិតក្នុងភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ឈានដល់ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៣នាក់ រឹបអូសគ្រឿងញៀន និងកាំភ្លើងច្នៃមួយដើម ព្រមទាំងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ ជើត និសារ ហៅ សុខនី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ ទី២-ឈ្មោះ អ៊ួង បូរិត ហៅ ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ ទាំង២នាក់នេះមានទីលំនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម និងទី៣-ឈ្មោះ យ៉ែម ស្រីលីន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំណែកឯវត្ថុតាងពាក់ព័ន្ធដែលត្រូវបានរឹបអូសនោះរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកក១កញ្ចប់តូច, កាំភ្លើងច្នៃបាញ់គ្រាប់កង់១ដើម, គ្រាប់កង់១ប្រអប់,ទូរស័ព្ទដៃចុចពិល១គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។
ប្រភពដដែលបានបន្តថា ជនសង្ស័យទាំង៣នាក់ខាងលើនេះជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានឃុំទឹកឃ្លាំង ។ កន្លងមកសមត្ថកិច្ចបានតាមដានពីសកម្មភាពជនសង្ស័យ រហូតមកដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ សមត្ថកិច្ចទទួលបានព័ត៌មានថាជនសង្ស័យមានរក្សាទុកគ្រឿងញៀននៅជាប់ខ្លួន ទើបសមត្ថកិច្ចចុះចាំឃ្លាំមើលរហូតប្រទះឃើញជនសង្ស័យទាំង៣នាក់ ក៏ឃាត់សុំធ្វើការត្រួតពិនិត្យរកឃើញមានវត្ថុតាងថ្នាំញៀនជាក់ស្តែង ឈានដល់នាំទៅឆែកឆេរលំនៅដ្ឋានរឹបអូសវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ