ភ្នំពេញ៖ មនុស្ស២នាក់ វ័យជាង១០ឆ្នាំត្រូវបាននគរបាលប៉ុសិ៍្តរដ្ឋបាលបឹងទំពុនចាប់ឃាត់ខ្លួននៅ វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចមុខផ្សារប៉េសេ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្រោមបទរក្សាទុក និងប្រើប្រាស់ ថ្នាំញៀនខុសច្បាប់។
អធិការនគរបាលខណ្ឌមានជ័យ លោកវរសេនីយ៍ឯក តេង ស៊ីណូ បានប្រាប់ឲ្យដឹងថា កម្លាំងប៉ុសិ៍្តរដ្ឋបាលបឹងទំពុនបានធ្វើការចាប់ឃាត់ជនសង្ស័យ២នាក់កាលពីយប់ថ្ងៃទី២៩កក្កដា ខណៈដែលពួកគេធ្វើដំណើរឆ្លងកាត់ក្នុងមូលដ្ឋានពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀន។ ជន សង្ស័យមានឈ្មោះ ហាក់ សំណាង ភេទប្រុស មានមុខរបររត់តុការ អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះ ផ្លូវលេខ៣៦៩ ភូមិព្រះពន្លា សង្កាតព្រែកប្រា ខណ្ឌច្បារអំពៅ និងឈ្មោះ តោ វីរៈសីម៉ា ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរជាងឈើ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
លោកអធិការបន្តថា ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាង មាន៖ ម្សៅក្រាមព៌ណសថ្លា១កញ្ចប់តូច និងម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ3314ភព1។ បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ៕ តាឡឹម