មណ្ឌលគិរី៖ ដើម្បីធានាដល់សុខមាលភាពលើចំណីអាហារជូនប្រជាពលរដ្ឋក្នុងការស់នៅប្រចាំថ្ងៃ អគ្គនាយកដ្ឋានកាំកុងត្រួល បានជម្រុញនិងណែនាំមន្ត្រីគ្រប់សាខាទាំងអស់ត្រូវចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារវេចខ្ចប់ស្រាប់នៅ តាមតូប និងផ្ទះលក់ទំនិញនៅទីផ្សារស្រុកភូមិជាប្រចាំ ដើម្បីស្វែងរកទំនិញហួសការបរិច្ចេទប្រើប្រាស់ និងខូច គុណភាព ។
លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រួលខេត្តមណ្ឌលគិរី បានមានប្រសាសន៍បែបនេះ បន្ទាប់ពីធ្វើការ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចុះអង្កេត និងត្រួតពិនិត្យ ទំនិញនៅតាមតូប និងផ្ទះលក់ទំនិញកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ២០១៥នៅ ក្នុងភូមិសាស្រ្ត ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីធានាដល់សុខមាលភាពរបស់ប្រជាពលរដ្ឋលើ ចំណីអាហារ។
លោកប្រធានសាខាបានឲ្យដឹងថាក្នុងនោះក៏បានត្រួតពិនិត្យម្ហូបអាហារវេចខ្ចប់ស្រាប់នៅ តាមតូប និងផ្ទះលក់ទំនិញជាពិសេសស្វែងរក ម៊ឹកនិងបង្គាក្រៀមកញ្ចប់តូចៗសម្រាប់ចែកចាយលក់ឲ្យសិស្សសាលា ហើយជាលទ្ធផលពុំឃើញមានលក់នៅតាមតូបនិងផ្ទះអាជីវកនៅឡើយ។ ក្នុងនោះ មន្ត្រីកាំកុងត្រួលបានរកឃើញទំនិញហួសកាលបរិច្ចេទ ប្រើប្រាស់ និងខូចគុណភាពនៅតាមផ្ទះលក់ទំនិញមួយចំនួនដូចជា ភេសជ្ជៈចម្រុះ មីកញ្ចប់ នំសាច់ត្រី ម្សៅស៊ុប សរុបចំនួន ៤៧៦កញ្ចប់និងដបស្មើរនិង២៥០គីឡូក្រាម។
ក្នុងឨកាសនោះ មន្រ្តីកាំកុងត្រួលបានបិទរូបភាពនៅតាមតូបនិងផ្ទះលក់ទំនិញ ដើម្បីផ្សព្វផ្សាយអប់រំអំពីសុខភាពដល់អាជីវករ និងប្រជាពលរដ្ឋឲ្យយល់ដឹងបន្ថែមទៀត ជៀសវាង យកផលិតផលភេសជ្ជៈ និងគ្រឿងកំប៉ុង និងផលិតផលដែលជិតហួសកាលបរិច្ចេទមិនត្រូវដាក់តាំងលក់និងយកមកពិសារឡើយ។
លោក ចាន់ វាសនា ប្រធានសា ខាកាំកុងត្រួលខេត្តមណ្ឌលគិរី បាន ណែនាំនិងអប់រំដល់អាជីវករទាំងអស់ ឲ្យយល់ដឹងអំពីអនាម័យ និងការរៀបចំមុខទំនិញដាក់តាំងលក់ ឲ្យមានសណ្តាប់ធ្នាប់នៅតាមប្រភេទទំនិញនីមួយៗឲ្យបានល្អពិសេស លោកបានសុំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមពិចារណានិងពិនិត្យឲ្យបានច្បាស់ ពីកាលបរិច្ចេទ និងគុណភាពចំណីអាហារនីមួយៗ មុននឹងជ្រើសរើស ផលិតផល ម្ហូបអាហារមួយណាមកបរិភោគ៕ដោយ=ឦសាន